កម្ពុជាចាប់ផ្តើមទទួលផលបណ្តើៗខ្លះហើយពីវេទិការធុរកិច្ចជាមួយថៃ

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទស្សនៈកិច្ចជាផ្លូវការនៅប្រទេសថៃ កាលពីថ្ងៃទី៧ខែកុម្ភៈ រហូតមកដល់ពេលនេះ មានការអះអាងថា កម្ពុជាចាប់ផ្តើមទទួលបានផលបន្តើរៗខ្លះហើយ ពីវេទិកាធុរកិច្ចកម្ពុជា-ថៃ។ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសថៃកន្លងមកនេះទទួលបានការគាំទ្រ និងសារទរជាខ្លាំពីអ្នកធ្វើធុរកិច្ចទទាំងពីរប្រទេសកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកបញ្ជាក់ថា «វេទិកាធុរកិច្ចដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ខែកុម្ភៈកន្លងមកនេះ ចាប់ផ្តើមហុចផលបន្តើរៗហើយមកដល់ពេលនេះតាមព័ត៌មានដែលខ្ញុំទទួលបាន ហើយថ្មីៗនេះស្ថានទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសថៃក៏បានរៀបចំឡើងនៅវេទិកា ផ្សព្វផ្សាយអំពីឱកាសវិនិយោគសម្រាប់ជនបរទេសដែលកំពុងធ្វើការវិនិយោគនៅក្នុងប្រទេសថៃឱ្យទទួលបានព័ត៌មានថ្មីៗពីកម្ពុជាងាយស្រួលសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជា»។

លោកលើកឡើងថា ស្ថានទូតកម្ពុជាប្រចំានៅប្រទេសថៃ ដែលជាសេនាធិការរបស់ក្រសួងការបរទេស ហើយក្រសួងការបរទេសដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល យើងនឹងខំប្រឹងប្រែងបន្តជំរុញគោលនាយបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជាបន្តទៀតដើម្បីអ្នកធ្វើធុរកិច្ច អ្នកវិនិយោគដែលមានលទ្ធភាពអាចចូលមកវិនិយោគនៅថៃ ហើយទាក់ទាញវិនិយោគិនថៃទៅបណ្តាក់ទុននៅកម្ពុជាឱ្យកើនឡើងថែមទៀត។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំកម្ពុជា ​បានឱ្យដឹងថា «ក្នុងនាមប្រជាពលរដ្ឋថៃរកស៊ីនៅក្នុងស្រុកខ្មែរនិងក្នុងនាមជាអ្នកសម្របសម្រួលផ្នែកធុរកិច្ច ខ្ញុំមើលឃើញថា ដំណើរទស្សនៈកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃកន្លងទៅថ្មីៗនេះគឺជាដំណើរទស្សនៈកិច្ចលើកដំបូង ហើយកន្លមកខាងនាយករដ្ឋមន្ត្រីថៃក៏បានមកទស្សនៈនៅកម្ពុជា។នៅក្នុងដំណើរទស្សនៈកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំទាំងពីរប្រទេសវាបានធ្វើឱ្យប្រជាពលរដ្ឋទាំងសងខាងកាន់តែមានទំនុកចិត្តកាន់តែខ្ពស់ នឹងចូលរួមជំរុញឱ្យការធ្វើពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងជាងឆ្នាំមុនៗតាមការគ្រោងទុក»។

បើយោងតាមលោកស្រី ជីរ៉ាណាន់ វង្សមង្គល ក្នុងនាមពលរដ្ឋថៃ ក៏ដូចជាប្រជាជនថៃផ្សេងទៀតលោកស្រី ពិតជាមានការសប្បាយចិត្តពេលបានឃើញនាយករដ្ឋមន្ត្រីទាំងពីរបង្ហាញថា ប្រទេសទាំងកម្ពុជា-ថៃ ជាមិត្តដ៏ល្អនឹងគ្នា។

លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានឱ្យដឹងថា ការទូតសេដ្ឋកិច្ចគឺជាគោលនយោបាយនិងជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នជាប្រធានក្រុមឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយរហូតមកដល់ពេលនេះ យើងមានរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គោលនយោបាយការទូតសេដ្ឋកិច្ចនេះ ក៏ត្រូវបានបន្តជំរុញកាន់តែខ្លាំងក្លាថែមទៀត ហើយនៅពេលកន្លងមករាល់ដំណើរទស្សនៈកិច្ចទៅក្រៅប្រទេសតែងតែមានវេទិកាធុរកិច្ចរៀបចំអមជាមួយជាប្រចាំ៕ តាកែវ