ថ្នាក់ដឹកនាំកម្ពុជា-ម៉ាឡេស៊ី បើកកិច្ចពិភាក្សាពិនិត្យលទ្ធភាពពង្រីកជើងហោះត្រង់មកកាន់ខេត្តសៀមរាប

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត ខណៈភាគីទាំងពីរ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យលទ្ធភាពពង្រីកជើងហោះត្រង់ពីម៉ាឡេស៊ីមកកាន់ខេត្តសៀមរាប និងតំបន់សំខាន់ៗនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សា បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសសម្តេច ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ លោក ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។

ជាងនេះទៀត សមភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ការងារ ឧស្សាហកម្មអាហារហាឡាល់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។

ក្នុងកិច្ចពិភាក្សាខាងលើនេះដែរ ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នាផងដែរ។

យ៉ាងណាមិញ ជាទីបញ្ចប់ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងកម្ពុជា-ម៉ាឡេស៊ី នឹងកាន់តែរឹងមាំ និងអាចឈានដល់កម្រិតទំនាក់ទំនងខ្ពស់បន្ថែមទៀត ៕អត្ថបទ៖ រង្សី