ទំហំទីផ្សារសញ្ញាបណ្ណកម្ពុជាបានកើនឡើងទ្វេដងរហូតច្រើនជាង ៤០០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥

សង្គម​ និង​សេដ្ឋកិច្ច

ចាប់តាំងពីឆ្នាំ២០២៣ ទំហំទីផ្សារសញ្ញាបណ្ណកម្ពុជាបានកើនឡើងទ្វេដងប្រមាណ ២០០ លានដុល្លារអាម៉េរិក រហូតច្រើនជាង ៤០០ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា កំណើនទំហំទីផ្សារសញ្ញាបណ្ណកម្ពុជាបានកើនឡើងដ៏គំហុកនេះ បង្ហាញពីការកើនឡើងនូវទំនុកចិត្តរបស់វិនិយោគិន ការគាំទ្រដ៏សកម្មផ្នែកនិយ័តកម្ម និងតួនាទីនៃកម្មវិធី CSBA ដែលជាកាតាលីករជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាព។

លោកបន្តថា កម្មវិធីនេះ បានតម្រង់ទិសទីផ្សារឱ្យមានភាពរួចរាល់ និងបង្កើតលក្ខខណ្ឌសម្រាប់ការចូលរួមរបស់វិស័យឯកជនឱ្យកាន់តែទូលំទូលាយនៅក្នុងផ្នែកហិរញ្ញវត្ថុបៃតង និងចីរភាព។

សូមបញ្ជាក់ថា កម្មវិធីជំរុញការបោះផ្សាយសញ្ញាបណ្ណចីរភាពនៅកម្ពុជា (CSBA) ត្រូវបានឱ្យដាក់ដំណើរការវគ្គទី៣ ជាផ្លូវការហើយ និងបានបើកទទួលដាក់ពាក្យស្នើសុំរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ មានគោលបំណងបើកឱកាសផ្ដល់ហិរញ្ញប្បទានឱ្យគម្រោងដែលឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ និងការបន្សាំ ដែលជាអាទិភាពនៅកម្ពុជា រួមមាន៖ វិស័យថាមពលកកើតឡើងវិញ វិស័យដឹកជញ្ជូនស្អាត កសិកម្មឆ្លាតវៃ ប្រសិទ្ធភាពថាមពល និងអាគារបៃតង។ វគ្គទី៣ នេះ បើកទទួលពាក្យស្នើសុំពីស្ថាប័នសាធារណៈ និងឯកជនក្នុងប្រទេសកម្ពុជា ដើម្បីស្នើសុំជំនួយបច្ចេកទេស ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង សញ្ញាបណ្ណចីរភាព ឬសញ្ញាបណ្ណផ្សារភ្ជាប់នឹងចីរភាព។

រហូតមកដល់បច្ចុប្បន្ន កម្មវិធីនេះ បានគាំទ្រការបោះផ្សាយសញ្ញាបណ្ណបៃតងជាង ៦០ លានដុល្លារអាម៉េរិក ដែលបោះផ្សាយដោយក្រុមហ៊ុនក្នុងស្រុក និងមានសញ្ញាបណ្ណប្រមាណជាង ១០០ លានដុល្លារអាម៉េរិកកំពុងស្ថិតក្នុងនីតិវិធី៕