ក្រុមហ៊ុន Global Ecological Rice យល់ព្រមឲ្យកម្ពុជានាំចេញដំឡូងមីទៅកាន់ទីផ្សារចិន

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ម្សិលមិញ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា និងក្រុមហ៊ុន Global Ecological Rice (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន បានចុះអនុស្សរណៈយោគយល់ និងកិច្ចសន្យាផលិតកម្មកសិកម្មដំឡូងមីកម្ពុជា ដើម្បីជំរុញការនាំចេញដំឡូងមីទៅកាន់ទីផ្សារចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា​ បានលើកឡើងថា ការចុះអនុស្សរណៈរវាងកម្ពុជា និងចិននាពេលនេះ បានចូលរួមចំណែកយ៉ាងសំខាន់លើកស្ទួយវិស័យកសិកម្ម និងជីវភាពប្រជាកសិករ។ លោកថា ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនចិននេះ គឺជាលទ្ធផលផ្លែផ្កាមួយក្នុងការចរចា ដើម្បីអភិវឌ្ឍន៍ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស ហើយក៏ជាប្រយោជន៍រួមរបស់ប្រជាកសិករកម្ពុជាផងដែរ។

បើតាមលោក ជួ មករា តាមរយៈទំនាក់ទំនង និងកិច្ចចរចាជាមួយក្រុមហ៊ុនកន្លងមក ភាគីចិន និងកម្ពុជា មានឆន្ទៈរួមគ្នាដើម្បីពង្រឹងនូវចំណុចដែលខ្វះខាត និងធ្វើយ៉ាងណាសម្រេចបាននូវការនាំចេញកសិផលពីប្រទេសកម្ពុជាត្រង់ទៅប្រទេស ចិនតែម្តង ព្រមទាំងធ្វើឱ្យមានស្ថេរភាព រក្សាបានផលចំណេញចំពោះភាគីទាំងសងខាង និងជាពិសេស ធានាបានស្ថេរភាពទីផ្សារកសិផលសម្រាប់កសិករ។

សូមជម្រាបជូនថា ប្រទេសចិន គឺជាគោលដៅនាំចេញដ៏សំខាន់កាន់តែខ្លាំងឡើងសម្រាប់ទំនិញកសិកម្មរបស់កម្ពុជា ដោយសារតែមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ដែលបានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈដែលទីផ្សារចិនមានទំហំទឹកប្រាក់ ៨០៥ លានដុល្លារអាមេរិក ឬ ៦.០% នៃការនាំចេញទំនិញសរុប កម្ពុជាសម្រេចបាន ៤០% (២៨១ លានដុល្លារ) នៃការនាំចេញផលិតផលកសិកម្មសរុបរបស់ខ្លួន (៧១៥ លានដុល្លារ) ក្នុងអំឡុងពេល៨ ខែដំបូងនៃឆ្នាំ២០២២។

សម្រាប់ទីផ្សារប្រទេសចិន ចេក អង្ករ និងដំឡូងមី គឺជាមុខទំនិញនាំចេញកសិផលធំជាងគេចំនួនបី ដែលមានចំនួន៩៩% (១៤០លានដុល្លារ) ៣៧.៨% (៩៤ លានដុល្លារ) និង៧៥% (២១ លានដុល្លារ) រៀងគ្នា។ ដោយឡែកការ​នាំ​ចេញ​កៅស៊ូ​ទៅ​ប្រទេស​ចិន​នៅ​មាន​ចំនួន​តិច​តួច​ប្រមាណ ១៣ លាន​ដុល្លារ ឬ ៦,២% ​នៃ​ការ​នាំ​ចេញ​កៅស៊ូ​សរុប៕