ក្រុមហ៊ុនអូស្រ្តាលីចំនួន២ គ្រោងមកកម្ពុជា​​ពង្រីកការវិនិយោគលើវិស័យឡូជីស្ទីក ថាមពល និងសុខាភិបាល

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នាថ្ងៃទី២៤ខែមីនានេះ ក្រុមហ៊ុនចំនួន២របស់អូស្រ្តាលីបង្ហាញពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅកម្ពុជាលើវិស័វិស័យឡូជីស្ទីក ថាមពល និងសុខាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខសម្តេចធិបតីនាយករដ្ឋមន្រ្តីថ្នាក់ដឹកនាំប្រធានក្រុមហ៊ុន Aegros និងក្រុមហ៊ុន Freshstart Logistics សុទ្ធតែបង្ហាញអំពីបំណងរបស់ក្រុមហ៊ុនក្នុងការស្វែងរកនូវឱកាសវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន ដែលរួមទាំងវិស័យឡូជីស្ទីក និងថាមពល ជាពិសេស វិស័យសុខាភិបាល។

ក្នុងឱកាសនៃជំនួបនោះ សម្តេចធិបតីបានបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗក្នុងការគាំទ្រដល់បរិយាកាសវិនិយោគនៅកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយមានសក្តានុពល និងកាលានុវត្តភាពសម្រាប់ការវិនិយោគ ហើយក៏លើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់បន្ថែមទៀតអំពីកម្ពុជា ដើម្បីពង្រីកការវិនិយោគលើវិស័យផ្សេងៗទៀតនៅកម្ពុជា។

ពាក់ព័ន្ធនឹងវិស័យសុខាភិបាល សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពនៅមូលដ្ឋាន។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវបទប្បញ្ញត្តិនានា និងវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងឱសថ និងផលិតផលសុខាភិបាលក្លែងក្លាយ។ ជាងនេះទៅទៀត សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូនៅកម្ពុជាបន្ថែមទៀតពាក់ព័ន្ធនឹងបំណងរបស់ក្រុមហ៊ុនលើការវិនិយោគក្នុងវិស័យសុខាភិបាល និងសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល។

សូមជម្រាបជូនថាក្រុមហ៊ុន Freshstart Logistics កំពុងតែមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ី និងជុំវិញពិភពលោក ដោយផ្ដោតលើសេវាកម្មផ្នែកដឹកជញ្ជូន ឡូជីស្ទីក ខ្សែច្រវាក់ផ្គត់ផ្គង់ និងឃ្លាំងស្តុកទំនិញជាដើម។ ចំណែកក្រុមហ៊ុន Aegros ជាផ្នែកមួយនៃ Freshstart Group ជាក្រុមហ៊ុនមានអាជីវកម្មលើវិស័យសុខាភិបាល បច្ចេកវិទ្យា និងថាមពល៕