លោក ហ៊ាន សាហ៊ីប៖ ការអនុវត្តកម្មវិធីជំរុញការដោះស្រាយបញ្ហានៅខេត្តព្រះសីហនុទទួលបានជោគជ័យអាស្រ័យទៅលើការចូលរួម និងជឿទុកចិត្តពីវិស័យឯកជនចំពោះរាជរដ្ឋាភិបាល

សង្គម​និង​សេដ្ឋកិច្ច

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី«ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និងធុរជន» នាព្រឹកថ្ងៃទី១៣ ខែ មីនា ឆ្នាំ ២០២៤ នៅខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ការផ្តល់អត្ថប្រយោជន៍ពិសេសជូនវិនិយោគិន និង ធុរជន» ស្ថិតក្រោម “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលត្រូវបានប្រកាសជាផ្លូវការ នាថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការចូលរួមពីសមាជិកក្រុមការងារ មន្ត្រីជុំវិញខេត្ត និង វិស័យឯកជន ដែលរួមមានវិនិយោគិន និង ធុរជនពីសភាពាណិជ្ជកម្ម, សមាគម, ក្រុមហ៊ុនតាមបណ្តាកោះ និង ឆ្នេរ, ក្រុមហ៊ុនម្ចាស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេស និង ម្ចាស់អគារជាប់គាំង សរុបប្រមាណ ១៨០ នាក់។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយឱ្យបានទូលំទូលាយ, ពន្យល់ច្បាស់ និង ត្រឹមត្រូវអំពីកម្មវិធីពិសេស, លើកទឹកចិត្ត និង ជំរុញវិនិយោគិន និង ធុរជនដាក់ពាក្យស្នើ, និង រៀបចំជំនួបធុរកិច្ច សម្រាប់ការទទួលបានអត្ថប្រយោជន៍ពិសេស។ ក្នុងកិច្ចប្រជុំនាពេលនេះដើម្បីធ្វើឱ្យមានលក្ខណៈសាមញ្ញ និង បង្កលក្ខណៈងាយស្រួល ដល់អ្នកចូលរួម ពិសេសវិនិយោគិន និង ធុរជន អាចចូលរួមក្នុងការលើកឡើងនូវមតិ ឬ សំណួរ និង ការស្នើផ្សេងៗ ដោយចំហរ ដោយត្រង់ៗ ដើម្បីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ជាមួយនេះ ក្រុម-ការងារ និង មន្ត្រីជំនាញពីក្រសួងស្ថាប័ន ក៏មានវត្តមានក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មាន, ប្រឹក្សាយោបល់ និង ជួយសម្របសម្រួល សំដៅដោះស្រាយសំណូមពរ និង បង្កបរិយាសល្អប្រសើរ ពិសេស ការបង្កើនជំនឿទុកចិត្តវិនិយោគ ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានប្រសាសន៍ថា កម្មវិធីពិសេសដើម្បីជំរុញការវិនិយោគនៅខេត្តព្រះសីហនុ មានវិសាលភាពគ្របដណ្តប់លើគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលស្នើសុំ និង អនុវត្តក្នុងឆ្នាំ ២០២៤ ដោយផ្តោតលើគម្រោងបីប្រភេទគឺ៖ ១) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចពាក់ព័ន្ធនឹងអគារជាប់គាំង, ២) គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមិនពាក់ព័ន្ធនឹងអគារជាប់គាំង, និង ៣) ការពង្រីកគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ចដែលមានស្រាប់ ស្របតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ។ ដោយផ្អែកលើប្រភេទគម្រោងទាំងនេះ, រាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្តពន្ធ និង ការលើកទឹកចិត្តមិនមែនពន្ធ ដែលជាអត្ថប្រយោជន៍ពិសេស។

យោងតាមកម្មវិធីពិសេស, ជារួមការលើកទឹកចិត្តផ្នែកសារពើពន្ធមានដូចជា ១). ការផ្តល់ការលើកទឹកចិត្តពិសេស និង ការអនុគ្រោះនានា ដូចជា ពន្ធអាករនាំចូល ពន្ធប៉ាតង់ ពន្ធលើផ្ទាំងផ្សព្វផ្សាយ, ពន្ធកាត់ទុកលើការជួលអចលនទ្រព្យ និង កម្រៃសេវាចុះបញ្ជី ជាដើម ដល់សហគ្រាសដែលមកវិនិយោគ ឬ ធ្វើធុរកិច្ច ក្នុងខេត្តព្រះសីហនុ ២). ការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធប្រចាំខែ និង ពន្ធអប្បបរមារយៈពេល ៣ ឆ្នាំ ៣). ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយ លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មក្នុងស្រុកសម្រាប់ការបញ្ចប់ ឬ ជួសជុលអគារដែលសង់មិនទាន់រួចរាល់ ឬ ធាតុចូលផលិតកម្មក្នុងស្រុក ៤). ការលើកលែងពន្ធកាត់ទុកលើការជួលអចលនវត្ថុ និង ៥). ការលើកលែងពន្ធលើអចលនទ្រព្យ និង ការពិន័យរដ្ឋបាលសម្រាប់ឆ្នាំ ២០១៦-២០២៥ ។

ជាមួយនេះ រាជរដ្ឋាភិបាលក៏ផ្តល់ការលើកទឹកចិត្តមិនមែនពន្ធ រួមមាន ១). ការលើកលែងការបង់ថ្លៃសេវាសាធារណៈនៃការស្នើលិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋាន និង លិខិតបិទការដ្ឋាន និង វិញ្ញាបនប្រើប្រាស់សំណង់, ២). ការសម្រួលនីតិវិធីលើការចុះបញ្ជី រួមទំាងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និង ការចុះបញ្ជីសហគ្រាស, ៣). ការសម្របសម្រួលចំពោះនីតិវិធីដែលពាក់ព័ន្ធចំពោះធុរកិច្ច និង ការវិនិយោគ, ៤). ការសម្របសម្រួលការប្រើប្រាស់យន្តការដោះស្រាយវិវាទក្រៅតុលាការ, ៥). ការផ្តល់ទិដ្ឋាការរយៈពេល ៣ ឆ្នាំសម្រាប់ការទិញ ឬ ជួលរយៈពេលវែងនៃទ្រព្យសម្បត្តិដែលមានតម្លៃលើសពី ១០០ ០០០ ដុល្លារអាមេរិក និង ៦). ការពន្លឿននីតិវិធីគយនៅពេលភ្ញៀវមកដល់ និង ត្រឡប់ទៅវិញ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប គូសបញ្ជាក់បន្ថែមថា ការអនុវត្តកម្មវិធីពិសេសនេះ ទទួលបានជោគជ័យក៏អាស្រ័យទៅលើការចូលរួម និង ការជឿទុកចិត្តពីវិស័យឯកជន ចំពោះរាជរដ្ឋាភិបាល ថានឹងគាំទ្រដល់វិស័យឯកជនយ៉ាងពិតប្រាកដ និង ពេញលេញ។ ក្រុមការងារដែលត្រូវបានចាត់តាំងដោយរាជរដ្ឋាភិបាល ឱ្យដឹកនាំ និង សម្របសម្រួលការអនុវត្តកម្មវិធីពិសេសនេះ ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីអនុវត្តកម្មវិធីពិសេសនេះយ៉ាងសកម្ម និង ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា វិស័យឯកជននឹងទទួលបានអត្ថប្រយោជន៍ពិសេស ពីរាជរដ្ឋាភិបាល ។ ទន្ទឹមនេះ, ក្រុមការងារនឹងរង់ចាំគាំទ្រ និង ជួយវិនិយោ-គិន និង ធុរជន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ឬធ្វើសកម្មភាពធុរកិច្ចនៅក្នុងខេត្តព្រះសីហនុ៕