តម្លៃជ្រូករស់នៅលើទីផ្សារមិនទាន់មានការប្រែប្រួលបន្ទាប់ហាមមិនឱ្យនាំចូលសាច់បង្កកចាប់ពីថ្ងៃទី១២ ខែមីនា

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ឱ្យដឹងនៅមុនថា តម្លៃជ្រូករស់ ក៏ដូចជាតម្រូវការសាច់នៅលើទីផ្សារមិនទាន់មានការប្រែប្រួលនោះរហូតមកដល់ថ្ងៃទី១៨ខែមីនានេះ បន្ទាប់ពីរាជរដ្ឋាភិបាលកំណត់យកថ្ងៃទី១២ខែមីនា បិទជាបណ្តោះអាសន្នមិនឱ្យនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រ៊ុន ពៅ ប្រធានសមាគអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា «នៅក្នុងមួយសប្តាហ៍ដំបូងនេះ ហាក់មិនទាន់មានអ្វីប្រែប្រួលនោះទេមិនថាតម្លៃក៏ដូចជាតម្រូវការជ្រូករស់នៅលើទីផ្សារ ហើយសមាគមអ្នកចិញ្ចឹមសត្វកំពុងធ្វើការតាមដាន ហើយបាននិងកំពុងធ្វើលិខិតដាក់ស្នើទៅរាជរដ្ឋាភិបាលឱ្យមានការត្រួតពិនិត្យសាច់បង្កកបន្ថែម ព្រោះយើងសង្ឃឹមថាដល់ចូលខែមេសាខាងមុខនេះ តម្លៃជ្រូករស់លក់នៅលើទីផ្សារកសិករអាចទទួលយកបាន»។

បើតាមប្រធានសមាគមខាងលើរូបនេះ លិខិតគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាល សមាគមកំពុងតែរៀបចំ ហើយនៅថ្ងៃស្អែកបើរួចរាល់នឹងយកទៅដាក់ជូនស្ថាប័នដែលពាក់ព័ន្ធ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , ក.ប.ក.ក៏ដូចជាខាងផ្នែកពេទ្យសព្វជាដើម។

លោកស្រ៊ុន ពៅ សង្កត់ធ្ងន់ថា «លិខិតស្នើសុំរបស់សមាគមទោះបី មិនទាន់ធ្វើរួចរាល់ តែកាលពីប្រជុំនៅថ្ងៃសុក្រកន្លងមកនេះបានសម្រេចថា សុំឱ្យស្ថាប័នមានសមត្ថកិច្ចធ្វើការត្រួតពិនិត្យឱ្យបានម៉ាត់ចត់ទំាងនៅខាងព្រំដែន ទីផ្សារ និងនៅតាមឃ្លំាងស្តុកសាច់បើរកឃើញសាច់ដែលគ្មានគុណភាពសូមកំម្ទេចចោល»៕តាកែវ