នាព្រឹកថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.អ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ក.អ.ក. និង ធនាគារ អេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីប្រមូលចំណូលសេវាសាធារណៈ ដោយមាន ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក.អ.ក. ជាមួយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជាហត្ថលេខី។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើសដ៏សំបូរបែបដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។ ក្នុងរយៈពេល ៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ បានចូលរួមប្រមូលចំណូលប្រមាណ ៥,៧ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ ក.អ.ក.។

សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី នាយកដ្ឋានមន្ត្រី ប្រធាន ក.អ.ក. និងដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានធ្វើការខិតខំប្រឹងប្រែងជំរុញទាក់ទាញវិនិយោគិន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន ដែលធានាបាននូវចីរភាពនៃការអភិវឌ្ឍនប្រកបដោយភាពធន់ ស្របតាមគោលដៅយុទ្ធសាស្ត្រ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្រនេះ ក.អ.ក. បាននិងកំពុងយកចិត្តទុកដាក់ជំរុញការអនុវត្តអាទិភាពគន្លឹះទី៥ “បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” ដោយបានធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនិងធនធានក្នុងស្ថាប័ន។
ជាងនេះទៅទៀត ក.អ.ក. បាននិងកំពុងធ្វើការតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹង ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅតភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងៗ ទៀតក្នុងដំណាក់កាលបន្តបន្ទាប់នាខាងមុខ៕





