បណ្ឌិត គិន ភា៖ ចិនជាម្ចាស់ជំនួយ,ដៃគូពាណិជ្ជកម្ម,វិនិយោគបរទេសធំជាងគេរបស់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ថា ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ប្រទេសចិនគឺជាអ្នកវិនិយោគបរទេសដ៏ធំជាងគេរបស់កម្ពុជា ជាម្ចាស់ជំនួយដ៏សំខាន់ និងជាដៃគូពាណិជ្ជកម្មកាន់តែ សំខាន់ខ្លាំងឡើងរបស់កម្ពុជា។ លោកថា ចក្ខុវិស័យរបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍសាកលនិងទំនាក់ទំនងកាន់តែជិតស្និទ្ធរបស់ខ្លួនជាមួយកម្ពុជា ត្រូវបានគេមើលឃើញតាមរយៈកំណត់ត្រានៃការវិនិយោគរបស់ចិននៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមស្ថិតិដែលចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានអនុម័តក្នុងកំឡុងឆ្នាំ១៩៩៤-២០១៩ ភាគរយធំបំផុតគឺមកពីប្រទេសចិន (២១.៨១%)។

បណ្ឌិត គិន ភា បានថ្លែងថា នៅបណ្តាឆ្នាំដំបូងៗប្រទេសចិនបានធ្វើការវិនិយោគយ៉ាងសម្បើមសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងធនធានធម្មជាតិ។ ក្នុងឆ្នាំ២០២១ ការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសចិន បានជាប់ចំណាត់ថ្នាក់កំពូលជាមួយនឹងការវិនិយោគសរុបចំនួន ២,៣២៦លានដុល្លារអាម៉េរិក កើនឡើង៦៧% បើធៀបនឹងឆ្នាំ២០២០។ នៅឆ្នាំ២០១៧ កម្ពុជាទទួលជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ប្រមាណជា ៤.២ពាន់លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង និងកម្ចីសម្បទានពីប្រទេសចិន។

ជាមួយគ្នានេះ កម្ពុជានិងចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (CCFTA) នាខែតុលា ឆ្នាំ២០២០ ដែលជាការកត់សម្គាល់ការចាប់ផ្តើម នៃយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត គិន ភា បន្ថែមថា តួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និងភាពជាដៃគូដ៏រឹងមាំជាមួយប្រទេសចិនលើវិស័យពាណិជ្ជកម្មនិងការវិនិយោគ ត្រូវបានបង្ហាញនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) និងសហគមន៍ដែលមានអនាគតរួមគ្នា។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេដែលគាំទ្រ និងទទួលយកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ដែលបង្កើតឡើងដោយប្រទេសចិននាឆ្នាំ២០១៣ ដោយទទួលស្គាល់ថា ឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចសំខាន់ៗនឹងត្រូវបានបង្កើតឡើង។

គួររំលឹកថា ក្នុងឆ្នាំ២០១៦ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ មួយឆ្នាំក្រោយមក «គ្រោងនៃផែនការសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១» ត្រូវបានចុះហត្ថលេខា។ វិស័យចំនួនប្រាំពីរត្រូវបានផ្តល់អាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការកសាងសមត្ថភាព ឧស្សាហកម្ម វប្បធម៌និងទេសចរណ៍ ហិរញ្ញវត្ថុ និងការការពារបរិស្ថាន៕