អ្នកជំនាញនៅក្នុងវិស័យចិញ្ចឹមសត្វកម្ពុជាបានសង្កេតឃើញតម្លៃជ្រូកនិងត្រូវការជ្រូករស់នៅក្នុងរដូវកាលពិធីបុណ្យចូលថ្មីប្រពៃណីរបស់ជនជាតិចិន-វៀតណាម ក្នុងឆ្នាំ២០២៦នេះ មានការកើនឡើងធ្វើឱ្យអ្នកចិញ្ចឹមជ្រូកមានការសប្បាយចិត្តនៅពេលលក់សត្វចិញ្ចឹមរបស់ខ្លួនបានថ្លៃជាងពេលធម្មតា។

បើតាមប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឱ្យដឹងថា នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ ជាពេលវេលាមួយដែលអ្នកចិញ្ចឹមជ្រូកមានការសប្បាយចិត្ត ដោយសារតម្រូវការជ្រូករស់កើនឡើងខ្ពស់ធ្វើឱ្យតម្លៃអាចលក់បានថ្លៃជាងពេលធម្មតា។
លោក លី ឡាវីល បានគូសបញ្ជាក់ថា “ក្នុងរដូវបុណ្យចូលឆ្នាំចិននេះ តម្រូវការជ្រូករស់កើនឡើងច្រើនគួរសម ទាំងការកំម្ម៉ង់ជ្រូកជ្រូកខ្វៃ ជ្រូកធំ បានធ្វើឱ្យតម្លៃជ្រូករស់កើនឡើង។ តួយ៉ាងនៅដើមឆ្នាំ២០២៦មកនេះតម្លៃជ្រូករស់របស់កសិករចាប់ផ្តើមហក់ឡើងជាសន្សឹមៗ បើប្រៀបធៀបនិងពេលដូចគ្នាឆ្នាំ២០២៥”។

លោកលើកឡើងថា កសិករចិញ្ចឹមជ្រូក មិនសម្រាប់តែផ្គត់ផ្គង់នៅក្នុងរដូវកាលបុណ្យចូលឆ្នាំចិនវៀតណាមទេ គឺដើម្បីឆ្លើយតបតម្រូវការនៅទូទាំងប្រទេស ក្នុងមួយថ្ងៃមានប្រមាណ១ម៉ឺនក្បាល។ ប៉ុន្តែចូលមកដល់ជិតបុណ្យចូលឆ្នាំចិននេះតម្រូវការជ្រូករស់អាចកើនដល់១ម៉ឺន២ពាន់ក្បាល។ ផ្អែកលើតម្រូវការកើនឡើង បានធ្វើឱ្យតម្លៃជ្រូករស់ឡើងថ្លៃដល់ជាង១ម៉ឺនរៀលក្នុងមួយគីឡូក្រាម តែក្រោយពីបុណ្យចូលឆ្នាំចិនបានបញ្ចប់ តម្លៃជ្រូកវានឹងធ្លាក់មកវិញចន្លោះពី៩ពាន់រៀលទៅ១ម៉ឺនរៀល។
បើយោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមខាងលើ បានសង្កត់ធ្ងន់ថា ក្នុងនាមជាក្រុមប្រឹក្សានៃសមាគមអ្នកចិញ្ចឹមសត្វគឺលោកចង់ឱ្យវិស័យចិញ្ចឹមសត្វមានការរីកចម្រើន ហើយចង់ឃើញប្រជាពលរដ្ឋរស់នៅក្នុងប្រទេស គាំទ្រនិងប្រើប្រាស់ផលិតផលសាច់ជ្រូកដែលបានដាក់លក់នៅលើទីផ្សារ៕


