ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនទាំង៦ខេត្ត បានបិទទ្វារសរុប១០៣៩សាលារៀន ធ្វើឱ្យប៉ះពាល់គ្រូដល់បង្រៀន៩៧៩៧នាក់ និងសិស្ស២៤២៨៨១នាក់។ នេះបើតាមការឱ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា។

គួរឱ្យដឹងថា គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីថៃ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និងតំបន់ស៊ីវិលកម្ពុជា៖ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២១,៣៧២គ្រួសារ (កើនឡើង ៥៥៨ គ្រួសារ) ស្មើនឹងមនុស្ស ៤០៥,៧៥៨នាក់ (កើនឡើង ២,១៥៧នាក់) ក្នុងនោះមានស្ត្រីប្រមាណ ២សែន ៨ពាន់នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។
ជាបឋម គិតពីថ្ងៃ ទី៧ ខែធ្នូ រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី១៥នេះ ការខូចខាតសរុប រួមមាន ផ្ទះប្រជាពលរដ្ឋ៣៦ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ ២ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង (ម៉ូតូ១គ្រឿង និងរថយន្ត៤គ្រឿង) ឃ្លាំងទិញដំឡូង១ទីតាំង ព្រមទាំង ទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត។
ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំ នៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយ អាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស៕



