ក្រុមហ៊ុនធំៗរបស់កូរ៉េ ចូលជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

សង្គម​និង​សេដ្ឋកិច្ច

ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនមកពីសាធារណរដ្ឋកូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតិឱ្យប្រធាននិងតំណាងក្រុមហ៊ុនធំៗមួយចំនួនរបស់កូរ៉េចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅថ្ងៃទី២៧ ខែមីនា នាវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអនុញ្ញាតិឱ្យចូលពិភាក្សាការងារនាពេលនេះ រួមមានលោក Chang Dae-Whan ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Maekyung Media Group និងគណ:ប្រតិភូនៃក្រុមហ៊ុន Samsung Electronics ក្រុមហ៊ុន Booyoung ក្រុមហ៊ុន LS Group និងក្រុមហ៊ុន LX International ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចធិបតី បានឱ្យដឹងថា ក្រុមហ៊ុន Maekyung Media Group គឺជាក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដ៏ធំមួយរបស់សាធារណរដ្ឋកូរ៉េដែលមានប្រតិបត្តិការលើគ្រប់រូបភាពនៃការផ្សព្វផ្សាយតាមរយៈកាសែត, ទូរទស្សន៍, ទស្សនាវដ្ដីប្រចាំសប្តាហ៍ និងប្រចាំខែ, និងកាសែតអេឡិចត្រូនិកផងដែរ។បច្ចុប្បន្ន ក្រុមហ៊ុននេះ នៅពុំទាន់មានសកម្មភាពវិនិយោគនៅប្រទេសកម្ពុជានៅឡើយ នោះទេ។

សូមជម្រាបជូនថា កូរ៉េគឺជាទីផ្សារធំមួយរបស់កម្ពុជា ដោយក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផលិតផលទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA ក្នុងទំហំ ២៦,២១ លានដុល្លារអាមេរិក ដែលមានកំណើនរហូត ២០៤៨% បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានទំហំត្រឹម ១,២២ លានដុល្លារអាមេរិក។

ដោយឡែករយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារកូរ៉េ ក្រោមកិច្ចព្រមព្រៀង CKFTA មានទំហំ ៨,៥៣ លានដុល្លារអាមេរិក ដែលមានកំណើនរហូតដល់ ២៨៦,៩% បើធៀបទៅនឹងរយៈពេល២ខែ (មករា-កុម្ភៈ) នៃឆ្នាំ២០២៣ ដែលមានទំហំ ២,២១ លានដុល្លារអាមេរិក៕