សម្តេចធិបតី៖ រើ​ស​​មន្ត្រី​ថ្មីស្នើសុំបាន ប៉ុន្តែត្រូ​វបញ្ជាក់ឲ្យខ្ញុំថាយកទៅណាពិតប្រាកដ ត្រូវការជំនាញអ្វី រើសឲ្យចំ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រសួង ស្ថាប័ន អាចស្នើជ្រើសរើសមន្ត្រីថ្មី បានប៉ុន្តែត្រូវមានគោលដៅច្បាស់លាស់ ពោលគឺត្រូវបំពេញឲ្យត្រូវគោលការណ៍ សូចនាករដែលចង់បាន និងចំនួនពិតប្រាកដ ដោយផ្អែកលើការវិភាគមុខងារ។ ការលើកឡើងរបស់សម្តេចធិបតី ដូចនេះ បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ “…កង្វះខាតនៃមន្ត្រីខ្ញុំយល់ ហើយជាតម្រូវការដែលយើងត្រូវបំពេញ ប៉ុន្តែបំពេញឲ្យត្រូវ ធានាឲ្យនៅជាគោលការណ៍ និងសូចនាករដែលយើងចង់បាន ត្រូវធ្វើយ៉ាងម៉េច អញ្ចឹងបំពេញឲ្យត្រូវ យើងត្រូវដឹងថាបំពេញប៉ុន្មាននាក់ត្រូវការប៉ុន្មានពិតប្រាកដ ហើយផ្អែកលើមូលដ្ឋានអ្វី គឺការវិភាគមុខងារ…”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិគប្បីប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព ប្រសើរជាងការរើសថ្មី ។ ការស្នើរើសមន្ត្រីសម្រាប់បំពេញការងារនៅថ្នាក់ក្រោមជាតិ ត្រូវតែធានាគោលដៅសម្រាប់ថ្នាក់ក្រោមជាតិ ហើយរក្សាឱ្យនៅធ្វើការងារជាប់លាប់។ រីឯនៅក្នុងក្រសួង ស្ថាប័នថ្នាក់ជាតិក៏ដូចគ្នា ចាំបាច់ត្រូវមានតម្រូវការច្បាស់លាស់ មានគោលដៅច្បាស់លាស់ ប្រសិនបើគ្មានការវិភាគ និងទឡ្ហីករណ៍ច្បាស់លាស់នោះទេ គឺមិនអនុញ្ញាតនោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការចង់លក្ខខណ្ឌបែបនេះ គឺមិនមែនជាការបិទមិនចង់ឱ្យជ្រើសរើសមន្ត្រីថ្មីនោះឡើយ តែជារូបមន្តមួយសម្រាប់អនុវត្តការងារជ្រើសរើសមន្ត្រីថ្មី ហើយរាជរដ្ឋាភិបាលនឹងមានការវាយតម្លៃលើរូបមន្តទាំងនេះក្នុងរយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ។ ក្នុងអាណត្តិទី៧នេះ គឺជារយៈពេល កសាងមូលដ្ឋាន ជារយៈពេលតម្រង់ទិសសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័ន ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល៕