រដ្ឋមន្រ្តីកសិកម្ម៖ គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា នឹងធ្វើដំបូងនៅក្នុងខេត្តចំនួន២

សង្គម​និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំគម្រោងស្តីពី Water Security Improvement ដែលជាគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា ដោយមានគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំនោះ លោក ឌិត ទីណា បានលើកឡើងថា គម្រោងនេះមានគោលដៅកាត់បន្ថយថ្លៃដើម ធ្វើឱ្យកសិករទទួលបានផលចំណេញ ដោយមិនបន្ថែមបន្ទុកចំណាយដល់កសិករលើសេវាប្រើប្រាស់ទឹក (Water Licensing) ឡើយ។ ដូច្នេះ គម្រោងទាមទារឱ្យមានការសិក្សាគ្រប់ជ្រុងជ្រោយ និងត្រូវពិនិត្យឱ្យបានស៊ីជម្រៅទាំងទិដ្ឋភាពបច្ចេកទេស និងនយោបាយ ពិសេសស្របតាមគោលនយោបាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះនឹងត្រូវប្រើប្រាស់ថវិកាឱ្យចំទិសដៅ ដោយមិនត្រូវបង្កើតបញ្ហាណាមួយឡើយ។

លោកបានបន្តទៀតថា គោលនយោបាយកសិកម្ម គឺធ្វើការជំរុញសហគមន៍កសិកម្មទំនើប ធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ដែលការងារទាំងនេះកំពុងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍ ដើម្បីឈានទៅលើកកម្ពស់ជីវភាពប្រជាជន។

បើតាមរដ្ឋមន្រ្តីកសិកម្មគូសបញ្ជាក់ថា គម្រោងនេះត្រូវមានផែនការវិនិយោគច្បាស់លាស់ និងត្រូវធ្វើជាជំហាន ដោយចាប់ផ្តើមដំបូងនៅខេត្តចំនួន២ គឺខេត្តក្រចេះ និងមណ្ឌលគិរី មុននឹងឈានទៅអនុវត្តជំហានបន្ទាប់គឺនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

សូមជម្រាបជូនថា គោលបំណងរបស់គម្រោង Water Security Improvement គឺដើម្បីបង្កើនសន្តិសុខទឹក និងផលិតភាពកសិកម្មក្នុងអាងទន្លេដែលបានជ្រើសរើសដោយរួមបញ្ចូលនូវយន្តការឆ្លើយតបបន្ទាន់សម្រាប់វិបត្តិផ្សេងៗ ជាពិសេសក្នុងបរិបទបម្រែបម្រួលអាកាសធាតុ (Climate Change)៕