កម្ពុជា-ចិន ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កើនដល់ ១០ ពាន់លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានបង្ហាញពីការប្តេជ្ញាចិត្តថា នឹងរួមគ្នាពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនឱ្យកាន់តែរឹងមាំឡើង ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានហក់ដល់តម្លៃ ១០ ពាន់លានដុល្លារ កើនឡើង ៤,៦%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា ជាមួយ លោក ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ច នៃសាធារណរដ្ឋប្រជាមានិតចិន កាលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

នាឱកាសនោះ លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិននៅក្នុងឱកាសនោះ ថាបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ចិនកាន់តែរឹងមាំឡើង ព្រមទាំងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទំាងពីរឱ្យកាន់តែសកម្ម។

ជាមួយគ្នានេះ ឯកឧត្តម ចាង ឈីងលី ក៏បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នទាំងជីវភាពរស់នៅប្រជាជន និងសង្គម ព្រមទាំងបានគូសបញ្ជាក់ថាចិននៅតែបន្តគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទំាងពីរក្នុងការកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀត។

តាមរយៈជំនួបនោះ ភាគីទាំងពីរ ថែមទាំងបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពទំហំពាណិជ្ជកម្មកម្ពុជានិងចិននាពេលកន្លងមក។ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃ ១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ១០ខែ ដើមឆ្នាំ២០២៣ ដែលបានកើនឡើង ៤,៦% ធៀបនឹងឆ្នាំមុន។ ឆ្លៀតឱកាសនោះ រដ្ឋសភាកម្ពុជា ក៏បានស្នើដល់ភាគីចិនជួយជំរុញនិងកៀរគរអ្នកវិនិយោគនិងអ្នកទេសចរចិន មកកម្ពុជាឱ្យកាន់តែច្រើន ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀតផងដែរ៕ អត្ថបទ៖ រង្សី