បច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃស្វាយចន្ទីធុនតូច និងមធ្យមតែ៤៨ប៉ុណ្ណោះ ខណៈកម្ពុជាត្រូវការខ្នាតមធ្យមជិត៣០ទៀត

សង្គម​និង​សេដ្ឋកិច្ច

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទីទាំងធុនតូច និងមធ្យម៤៨ប៉ុណ្ណោះ ខណៈកម្ពុជាត្រូវការខ្នាតមធ្យមជិត៣០ទៀត ដើម្បីស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីរយៈពេល៥ឆ្នាំ ២០២២-២០២៧។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមព្រឹត្តិប័ត្រព័ត៌មានរបស់សមាគមស្វាយចន្ទីកម្ពុជា ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា កម្ពុជាត្រូវការមូលធនសរុបប្រមាណ ៣២៩លានដុល្លារ ដើម្បីអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កែច្នៃស្វាយចន្ទី ក្នុងរយៈពេល៥ឆ្នាំ ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧។

ជាមួយគ្នានោះ ប្រធានសមាគមស្វាយចន្ទី លោក អួន ស៊ីឡុត បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូចតែ៤២ និងមធ្យម ៦ប៉ុណ្ណោះ បើចង់ឱ្យមានការកែច្នៃ ២៥% (ឬស្មើនឹង ១៧៥ ០០តោន) ក្នុងរយៈពេល៥ឆ្នាំស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ២០២២-២០២៧ កម្ពុជាត្រូវការរោងចក្រខ្នាតមធ្យមចំនួន៣៥ លើទុនវិនិយោគ ២៦,២៥លានដុល្លារ ត្រូវការទុនបង្វិល ២៦៥,៥លានដុល្លារ និងហេដ្ឋរចនាសម្ព័ន្ធគ្រប់គ្រងក្រោយប្រមូលផល មានដូចជាឃ្លាំងស្តុកគ្រាប់ ២២,៧៥លានដុល្លារ និងទីលានហាលគ្រាប់ ១៧,៥លានដុល្លារ។

លោកបន្តថា ការបង្កើនវិនិយោគនេះមិនមែនជាការប្រថុយប្រថានឡើយ ត្បិតកម្ពុជាជាប់លេខ៣នៅលើពិភពលោក អាចផលិតស្វាយចន្ទីចន្លោះ ៦០០ ០០០ តោន ទៅ៨០០ ០០០តោន ក្នុងមួយឆ្នាំ។ម៉្យាងទៀត ចន្ទីពូជអឹម ២៣ជាប្រភេទចន្ទីដែលមានគ្រាប់ធំ រសជាតិឆ្ងាញ់ និងមានសារធាតុចិញ្ចឹមច្រើនជាងគេ កំពុងតែល្បីលើទីផ្សារអន្តជាតិ WW160 និង WW180។

សូមបញ្ជាក់ថា ដំណាំស្វាយចន្ទីបានជួយអភិវឌ្ឈសេដ្ឋកិច្ចជនបទដែលមាន ២៥០០០គ្រួសារ(កម្ពុជាមាន៦,៥លាននាក់)ប្រកបរបរដាំដំណាំនេះ។លើសពីនេះវិស័យកសិកម្មដំណាំចន្ទីអាចបង្កើតការងារតាមរដូវប្រហែលជា ១២០ ០០០នាក់ផងដែរ។

រយៈពេល៤ខែ ឆ្នាំ២០២៤ កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីសម្រេចបានជិត៥០ម៉ឺនតោន មានការកើនឡើងជិត២ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនប្រមាណជាង២៨ម៉ឺនតោន។ចំពោះតម្លៃនៅក្នុងខែមេសានេះ គ្រាប់សើមមានតម្លៃ៥០០០រៀល ក្នុងមួយគីឡូ ដែលជាតម្លៃខ្ពស់ជាងគេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយ៕