សម្តេចធិបតី៖ ការនាំចេញរបស់កម្ពុជានៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនជាង១៧% ត្រឹម៣ខែ ឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានឱ្យដឹងថា ក្នុងត្រីមាសទី១ ពោលគឺរយៈពេល ៣ខែ នៃឆ្នាំ ២០២៤នេះ និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ១៧,២% ខណៈរាជរដ្ឋាភិបាល នឹងខិតខំកំណត់ការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ជាអាទិភាពដ៏ចម្បងមួយដើម្បីសម្រួលការធ្វើពាណិជ្ជកម្មទៅបណ្តារប្រទេសផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី លើកឡើងដូច្នេះ ត្រូវបានធ្វើឡើង កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាត»។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអំឡុងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩, ទោះបីជាមានកំណើនអវិជ្ជមាន ក្នុងឆ្នាំ២០២០, សេដ្ឋកិច្ចកម្ពុជា បានស្ទុះឡើងវិញយ៉ាងឆាប់ ដោយសម្រេចបានកំណើន ៥,១% ក្នុងឆ្នាំ ២០២២, និង ៥% ក្នុងឆ្នាំ ២០២៣, ហើយត្រូវបានព្យាករថា នឹងបន្តសម្រេច បានកំណើនខ្ពស់ ក្នុងរយៈពេលមធ្យម ទៅរយៈពេលវែងខាងមុខ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា៖«ការនាំចេញរបស់កម្ពុជាមានកំណើនជាមធ្យម ១៣,៣% ក្នុងចន្លោះឆ្នាំ ២០១៧ ដល់ ឆ្នាំ ២០២៣, និង បានកើនឡើងដល់ទំហំ ២៣,៤៧ ប៊ីលានដុល្លារអាមេរិក ឬ ស្មើនឹង ៥៤,៧% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា ក្នុងឆ្នាំ ២០២៣។ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៤, និន្នាការនៃការនាំចេញនៅបន្តមានចលនាវិជ្ជមាន ក្នុងកំណើនប្រមាណ ១៧,២%»។

ជាថ្មីម្តងទៀត សម្តេចធិបតី បញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាថ្ងៃនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ក្នុងការកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន និងម៉្យាងទៀត គឺជាការបង្ខិតសេវាសាធារណៈ ទៅជិតអ្នកប្រើប្រាស់តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវា សាធារណៈ ដើម្បីសម្រួលនីតិវិធី កាត់បន្ថយពេល និងចំណាយពាក់ព័ន្ធផ្សេងៗ៕ អត្ថបទ៖ រង្សី