ត្រឹម១ខែមេសាសោះ៖ កម្ពុជា ទទួលបានគម្រោងថ្មីរហូត ២២គម្រោង មានទុនវិនិយោគជាង ៣០៩លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុង១ខែមេសា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារអាម៉េរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង និង គម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣០៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៣ពាន់កន្លែង។

CDC បានឱ្យដឹងបន្តថា ក្នុងចំណោមគម្រោងវិនិយោគទាំង ២២ គម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៤គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

គួរបញ្ជាក់ដែរថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖
គឺស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងនោះមាន៖ ១. គម្រោងវិនិយោគផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក, មួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែល មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ ភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង។

ដោយឡែកក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ ក្នុងនោះមាន៖១. គម្រោងពង្រីកផលិតកម្មផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក ដែលមាន ទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបន្ថែមបានចំនួន ៥៤២កន្លែង។ ២. គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្នុងទុនវិនិយោគប្រមាណ ៣៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។ និង៣. គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ សីហនុ ក្នុងទុនវិនិយោគប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៧កន្លែង។

បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អះអាងថា ក្នុងខែមេសា ឆ្នាំ២០២៤នេះដែរ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែករហូតដល់ទៅប្រមាណ ៩៨% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ រង្សី