កម្ពុជា រកចំណូលបានជិត៩០០លានដុល្លារពីការនាំចេញស្រូវ អង្ករ ទៅកាន់ ៦០ប្រទេស ត្រឹម៤ខែឆ្នាំនេះ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩០០លានដុល្លារពីការនាំចេញអង្ករ ប្រមាណជាង២៤ម៉ឺនតោន និងស្រូវជាង២លានតោន ទៅកាន់ទីផ្សារ ៦០ ប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា៖« រយៈពេល៤ខែ ពោលចាប់ពីខែមករា ដល់ខែមេសា កម្ពុជាបាននាំចេញអង្ករបានចំនួន ២៤៨ ៤៩១ តោន ទៅកាន់ទីផ្សារអន្តរជាតិ ទទួលបានចំណូលជាងជាង១៧០លានដុល្លារ»។

ចំពោះការនាំចេញអង្ករជាង២៤ម៉ឺនតោននេះ សហព័ន្ធស្រូវអង្ករកម្ពុជា បន្តថា គឺធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១០៥,៧៩៩ តោន គិតជាទឹកប្រាក់ចំនួន ៨១.៦២ ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់ ៤២.២៨ លាន ដុល្លារសហរដ្ឋអាមេរិក។

ជាងនេះទៀត បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេសបានបរិមាណចំនួន ៥៣,៧៦៦ តោន គិតជាទឹកប្រាក់ ២៧.៧៤ លានដុល្លារសហរដ្ឋអាមេរិក។ នឹងបានទៅកាន់គោលដៅ២៤ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ ក្នុងចំនួន ២១,៤៦៩ តោន គិតជាទឹកប្រាក់ចំនួន ១៨.៥៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះ៖ អង្ករក្រអូបចំនួន៧៣.០៧ % ប្រភេទអង្ករស ធម្មតា ចំនួន ២៣.១៨% អង្ករចំហ៊ុយចំនួន ២.២១ % អង្ករសរីរាង្គចំនួន ១.៣២% និងអង្ករផ្សេងៗចំនួន ០.២២% ។

ទន្ទឹមគ្នានេះ ក្នុងរយៈពេល៤ខែនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានបញ្ជាក់ថា៖«កម្ពុជាក៏បាននាំចេញស្រូវចំនួន ២,៤១៩,៣១៧តោន(ស្រូវសើម) ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណជាង ៦៩៣.៣៩ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៧២% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ»៕ អត្ថបទ៖ រង្សី