សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកាតាចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីផ្អាកដំណើរការដោយសារកូវីដ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រាប់ទៅកាន់ឯកអគ្គរាជទូតកាតាថា កាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនង ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក Khalid Ali Abdullah Abel ឯកអគ្គរាជទូតនៃរដ្ឋកាតា(State of Qatar) ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ សម្តេចតេជោ បានលើកឡើងថា ប្រទេសយើងទាំងពីរមានកិច្ចការធ្វើច្រើន ដោយសារថាកាតាជាប្រទេសដែលមានសន្តិសុខថាមពល ហើយកម្ពុជាជាប្រទេសធានាបាននូវសន្តិសុខស្បៀង មានផលិតផលកសិកម្មច្រើនជាពិសេសគឺស្រូវ និងគ្រាប់ស្វាយចន្ទីដែលកម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីច្រើនជាងគេ ។ កម្ពុជាមានគោលការណ៍ពិសេសអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសប្រមូលទិញស្រូវ ស្តុកទុកក្នុងឃ្លាំង បើករោងចក្រកិនស្រូវ និង កែច្នៃ វេចខ្ចប់ ហើយនាំចេញទៅក្រៅប្រទេស និងមានវិធានភាពអនុគ្រោះជាច្រើនដល់វិនិយោគិនពីបរទេស។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ បានរំឭកថាកាតាគួរតែចាប់ផ្ដើមហោះហើរឡើងវិញនូវ Qatar Airline បន្ទាប់ពីបានផ្អាកដំណើរការដោយសារកូវីដកន្លងទៅ ដើម្បីឱ្យការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាការនាំភ្ញៀវពីតំបន់មជ្ឈិមបូព៌ានិងអឺរ៉ុបមកកាន់កម្ពុជា ហើយក៏នាំភ្ញៀវពីកម្ពុជានិងតំបន់អាស៊ានទៅកាន់កាតាវិញផងដែរ។

ជាការឆ្លើយតប ឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះសម្តេច ហើយសង្ឃឹមថាកាតានឹងមាននិវេសដ្ឋាននៅកម្ពុជានៅពេលខាងមុខ ។ លោក បានប្ដេជ្ញាថានឹងខិតខំបង្កើនទំនាក់ទំនងការទូតឱ្យបានមានកម្រិតខ្ពស់ជាងមុន ពង្រីកទំនាក់ទំនង ជាមួយនឹងកម្ពុជា ពិសេសនៅលើវិស័យសន្តិសុខស្បៀង ដោយសារថាកម្ពុជាគឺជាប្រទេសដែលផលិតស្បៀង។

លើសពីនេះ ឯកអគ្គរាជទូត សន្យាថានឹងខិតខំទាក់ទាញវិនិយោគិនពីកាតា មកកម្ពុជាក៏ដូចជានាំវិនិយោគិនពីកម្ពុជាទៅកាតា ដើម្បីពិនិត្យមើលលទ្ធភាពដែលអាចសហប្រតិបត្តិការវិនិយោគ។

ពាក់ព័ន្ធនឹងការហោះហើរឡើងវិញរវាងកម្ពុជា និងកាតតា ឯកអគ្គរាជទូតបានបញ្ជាក់ថា កាតាក៏កំពុងពិនិត្យ សិក្សាពី Qatar Airlines ចាប់ដំណើរការឡើងវិញ ដោយលើកពីភាពអនុគ្រោះដែលទេសចរកាតាទៅតំបន់ផ្សេងៗ។

សូមជម្រាបជូនថា ទំនាក់ទំនងរវាងកម្ពុជា-កាតា គឺពឹងផ្អែកទៅលើទំនាក់ទំនងខាងសេដ្ឋកិច្ច ពេលណា ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ ទំនាក់ទំនងខាងនយោបាយក៏រឹងមាំទៅតាមនោះដែរ ។ក្នុងនោះ សម្ដេចតេជោ ក៏ជម្រុញឱ្យពិនិត្យមើលលទ្ធភាពរវាងប្រទេសទាំងពីរផងដែរ ទី១) ឱ្យមានកិច្ចព្រមព្រៀងការពារវិនិយោគ ដើម្បីផ្តល់ទំនុកចិត្តដល់វិនិយោគិន និងទី២)ឱ្យមានកិច្ចព្រមព្រៀងស្តីពីការពុំយកពន្ធត្រួតគ្នា ហើយកាន់តែប្រសើរជាងនេះទៅទៀត បើអាចធ្វើបាន សម្រេច កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចដែលកម្ពុជាបានធ្វើជាមួយ ចិន កូរ៉េ អារ៉ាប៊ីសាអូឌីត៕