កម្ពុជា-សិង្ហបុរី ជួបពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម

សង្គម​ និង​សេដ្ឋកិច្ច

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកតាន់ ស៊ីឡេង (Tan See Leng) រដ្ឋមន្ត្រីក្រសួងហត្ថពលកម្មនៃសា​ធារណរដ្ឋសិង្ហបុរី កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារ នៅប្រទេសស្វ៊ីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ជាពិសេសលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរវាងប្រទេសកម្ពុជា និង សិង្ហបុរី ដោយលោកបានបង្ហាញការចំណាប់អារម្មណ៍លើការបង្កើនកិច្ចសហប្រតិបត្តិការលើការងារសមរម្យ ការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដីក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការលើជំនាញបៃតង និងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET), ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត (AI) និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ព្រមទាំងការសិក្សាពេញមួយជីវិត ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត (Skills Future) ព្រមទាំងក្របខ័ណ្ឌទទួលស្គាល់គុណវុឌ្ឍិ។

 នាឱកាសនោះ លោក តាន់ ស៊ីឡេង បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធសិង្ហបុរីលើកម្មវិធីអភិវឌ្ឍជំនាញសម្រាប់អនាគត ការសិក្សាពេញមួយជីវិត ជំនាញឌីជីថល និងជំនាញបៃតង។ ភាគីសិង្ហបុរីបានបង្ហាញការបើកចំហក្នុងការពិភាក្សាបន្ថែមលើកិច្ចសហប្រតិបត្តិការដែលអាចជួយឱ្យកម្ពុជាពង្រឹងភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម។

ភាគីទាំងពីរបានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និងសិង្ហបុរី នឹងបន្តវិវត្តទៅជាភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីគាំទ្រដល់កំណើនប្រកបដោយចីរភាព ភាពធន់នៃកម្លាំងពលកម្ម និងសមាហរណកម្មអាស៊ាន៕