ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត៖ ក្នុងបរិការណ៍កម្ពុជាពង្រឹងខ្លួនឱ្យកាន់តែខ្លាំង ការរួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ពិតជាមានសារៈសំខាន់

សង្គម​ និង​សេដ្ឋកិច្ច

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ពិតជាមានសារៈសំខាន់ ក្នុងបរិការណ៍ ដែលកម្ពុជាមានតម្រូវការក្នុងការពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំង បន្តអភិវឌ្ឍដោយខ្លួនឯង និងឈរជើងបានយូរអង្វែងលើឆាកអន្តរជាតិ ក្នុងពេលដែលសកលលោកកំពុងប្រឈមនឹងសម្ពាធ និងហានិភ័យកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើក «ការតាំងពិព័រណ៍ផលិតផលខ្មែរ លើកទី៣» ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» កាលពីល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅតែជួបប្រទះនឹងបញ្ហាប្រឈម ជាច្រើន ដែលមានលក្ខណៈជារចនាសម្ព័ន្ធ និងបន្តបន្ទុចបង្អាក់ដល់ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ទន្ទឹមនេះ ការផ្សារភ្ជាប់រវាងក្រុមហ៊ុនមានប្រភពទុនវិនិយោគផ្ទាល់បរទេស និងអ្នកផ្គត់ផ្គង់ក្នុងស្រុក នៅមិនទាន់មានលក្ខណៈស៊ីជម្រៅនៅឡើយ និងនៅពឹងផ្អែកលើការនាំចូលខ្ពស់។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា អ្នកផលិតតែឯងមិនអាចដោះស្រាយបញ្ហាប្រឈមនេះបានទេ បើសិនជាមិនមានការចូលរួមពីអ្នកប្រើប្រាស់ អ្នកផ្តល់សេវាគាំទ្រផលិតកម្ម អ្នកផ្តល់ហិរញ្ញប្បទាន និងស្ថាប័ន រដ្ឋ ដែលត្រូវរួមគ្នាបង្កើតជាអេកូស៊ីស្ទេមគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច មធ្យម និងធំ ឱ្យរស់រវើកនិងរឹងមាំ។ ក្នុងនោះ ស្ថាប័នរដ្ឋត្រូវដើរតួជាយុទ្ធសាស្ត្រវិទូ និងអ្នកកសាងបរិយាកាសអនុគ្រោះ
វិស័យឯកជនជាអ្នកកសាងតម្លៃ និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច និងត្រូវមានការគាំទ្រពីបច្ចេកវិទ្យាទំនើប មនុស្សពូកែនិងមានជំនាញនិងឥរិយាបថការងារល្អ និងប្រព័ន្ធការងារដែលមានប្រសិទ្ធភាព។

ដូចនេះ យើងត្រូវរួមគ្នាធ្វើកិច្ចការដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ការផលិត និងដើម្បីបង្កើនធាតុចូលក្នុងស្រុកទៅក្នុងផលិតផលនានាឱ្យបានច្រើន ហើយជាពិសេសការផ្សារភ្ជាប់ទៅកាន់ក្រុមហ៊ុនបរទេស ដែលមានទីផ្សារ និងអេកូឡូស៊ីល្អស្រាប់ ដែលនឹងបង្កើនតម្លៃបន្ថែម តម្លៃសេដ្ឋកិច្ច ការងារ ប្រាក់ចំណូល ទៅកាន់សេដ្ឋកិច្ច និងជាពិសេសសម្រាប់ប្រជាជនកម្ពុជា៕