សម្ដេចតេជោ ហ៊ុន សែន ប្របញ្ជាក់ថា លោកស្រីនាយករដ្ឋមន្រ្ដីថៃ កុំបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា ខណៈសម្តេចថាកម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោកអនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ/សង្កាត់ ក្នុងខេត្តព្រះវិហារ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។ការថ្លែងរបស់សម្តេចតេជោ គឺតបទៅនឹងការលើក របស់លោកស្រីនាយករដ្ឋមន្រ្តីថៃ កាលពីថ្ងៃទី២៤ ខែមិថុនា ដែលបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា គ្រាន់តែជាជនរងគ្រោះដោយអំពើឆបោក អនឡាញ ដោយសារតែប្រទេសថៃប៉ុណ្ណោះ ពីព្រោះ អ្នកឆបោកតាមអនឡាញទាំងអស់ ត្រូវបានសម្រួល ដោយអាជ្ញាធរថៃ ខណៈប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា មិនមានជើងហោះហើរធំៗ ដែលអាចដឹកអ្នកប្រព្រឹត្តអំពើទាំងនោះបានដោយផ្ទាល់នោះទេ។
ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្តថា ប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ សម្ដេចតេជោ ក៏ជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅប្រជាជនថៃ មើលឱ្យច្បាស់ ចំពោះល្បិចកលដឹកនាំរបស់លោកស្រីនាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ន ដែលគ្មានភាពស្មោះត្រង់ចំពោះពលរដ្ឋខ្លួនឯង ហើយមិនស្មោះត្រង់ជាមួយប្រទេសជាដៃគូទៅទៀត។
យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានអះអះទៀតថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មអនឡាញ មិនអាចធ្វើតែឯងបានទេ គឺត្រូវមានកិច្ចសហការគ្នា។ ហេតុអ្វីក៏មកទម្លាក់កំហុសឱ្យកម្ពុជា ទាំងខ្លួនឯងជាជម្រកឧក្រិដ្ឋកម្មអនឡាញ?។ហេតុនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យស្ថានីយទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាក់ផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅកម្ពុជាផងដែរ៕អត្ថបទ៖ ហ្សាលីន