សប្តាហ៍ក្រោយ សម្តេចធិបតី នឹងធ្វើដំណើរទៅកូរ៉េខាងត្បូង ដើម្បីទាក់ម៉ូយមកវិនិយោគនៅកម្ពុជាបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នៅសប្តាហ៍ក្រោយ សម្តេចធិបតីនឹងធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយវិស័យឯកជន ដើម្បីទាក់ទាញមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។សម្តេចធិបតីថ្លែងបែបនេះនៅក្នុងពិធីអាហារសាមគ្គីធុរកិច្ចជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេចធិបតី មានប្រសាសន៍ថា «ទាក់ទងនឹងការវិនិយោគនៅក្រៅប្រទេស សប្តាហ៍ក្រោយនេះ សម្តេចធិបតីនឹងទៅកូរ៉េខាងត្បូង និងមានជួបវិស័យឯកជននៅទីនោះ ហើយខែក្រោយសម្តេចនឹងទៅសិង្ហបុរីទៀត ដើម្បីបន្តទាក់ទាញបន្តទៀត។អាទិភាពធំ ការជំរុញ ការទាក់ទាញវិនិយោគនេះ គឺជាអាទិភាពមុតស្រួចមួយនៃនយោបាយការទូតរបស់កម្ពុជាក្នុងអាណត្តិថ្មី»។

សម្តេចធិបតីបន្តថា ពាក្យថាទាក់ម៉ូយមានន័យទាញ ដើម្បីអញ្ជើញអ្នកវិនិយោគមកកម្ពុជាមកពិនិត្យមើលឲ្យស្គាល់កម្ពុជា មកសម្រេចចិត្តនៅក្នុងការដាក់ទុនវិនិយោគនៅកម្ពុជាដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ។

បើតាមសម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទិសដៅអាទិភាពទៅលើការទូតសេដ្ឋកិច្ចជាអាទិភាពធំសម្រាប់ការងារក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ហើយយើងបានធ្វើជាប់ជាប្រចាំទាំងរូបខ្ញុំផ្ទាល់ ទាំងមន្រ្តីរបស់យើងគ្រប់ស្ថាប័នទាំងអស់ ទាំងស្ថានទូតយើងនៅខាងក្រៅបន្តដាក់ទិសដៅទៅលើការទូតសេដ្ឋកិច្ចនេះ ដើម្បីទាញផលប្រយោជន៍សំខាន់សម្រាប់យើង។

លើសពីនេះ ការទូតសេដ្ឋកិច្ចនឹងជួយក្នុងការពង្រឹងទំនាក់ទំនងរដ្ឋ និងរដ្ឋតាមរយៈការលើកស្ទួយពាណិជ្ជកម្ម ប៉ុន្តែការទូតសេដ្ឋកិច្ចក៏ជួយពង្រឹងទំនាក់ទំនងរវាងមនុស្ស និងមនុស្សដែរ ដែលជាកត្តាសំខាន់ ហើយក្នុងនោះវិស័យឯកជនដើរតួនាទីសំខាន់ណាស់ដែលយើងបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងធុរកិច្ចរវាងប្រជាជន និងប្រជាជន អ្នកធុរកិច្ច និងធុរកិច្ចនេះគឺជាកត្តាសំខាន់សម្រាប់ចងចំណងមិត្តភាពរវាងប្រទេសទាំងពីរឲ្យរឹងមាំ៕