ភាពលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ចិន គឺជាកាតាលីករជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាកាន់តែមានកំណើន

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា ភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជាគឺជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងបែបនេះរបស់លោកនៅក្នុងជំនួបជាមួយគណៈប្រតិភូ Zhejiang Construction Investment Group Co.,Ltd តំណាងដោយ លោក Tao Guanfeng ប្រធានក្រុមប្រឹក្សាភិបាល អំឡុងពេលមកធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនោះ លោក ជា វុទ្ធី បានស្វាគមន៍ចំពោះគណៈប្រតិភូដែលបានធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជាដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីឱកាសវិនិយោគលើវិស័យដែលមានភាពលេចធ្លោនៅកម្ពុជាបន្ថែមពីលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាអស់រយៈពេល ១៥ឆ្នាំ រួចមកហើយ។

ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់អំពីភាពរីកលូតលាស់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយឡែករវាងខេត្ត Zhejiang និងកម្ពុជា ដែលការណ៍នេះជាសក្ខីភាពឆ្លុះបញ្ចាំងអំពីការយល់ចិត្តគ្នាទៅវិញទៅមករវាងវិស័យឯកជនចិន និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាកាតាលីករដែលជំរុញរំហូរវិនិយោគិនចិនឱ្យមកប្រកបធុរកិច្ចនៅកម្ពុជាឱ្យកាន់តែមានកំណើនឆ្ពោះទៅរកវិបុលភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន។

ឆ្លៀតឱកាសនោះ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគលើគម្រោងផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូលពីបរទេស ក៏ដូចជាសម្លឹងមើលកាលានុវត្តភាពក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនមកពីខេត្ត Zhejiang ដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារក្នុងតំបន់ និងសកលលោក។

ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលបានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ហើយវឌ្ឍនភាពនេះហើយគឺជាកម្លាំងចលករជំរុញក្រុមហ៊ុនក្នុងការបុកគ្រឹះនៃមុខសញ្ញាវិនិយោគរបស់ខ្លួនឱ្យកាន់តែមានពិពិធភាព និងចីរភាពនៅកម្ពុជា៕