ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានពិភាក្សាលើកិច្ចសហការពង្រឹង និងពង្រីកកិច្ចសហការក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងការអភិវឌ្ឍជំនាញនៅកម្ពុជា ឱ្យស្របតាមតម្រូវការការវិវត្តរចនាសម្ព័ន្ធសេដ្ឋកិច្ច និងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។

ការសហការបានធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Nianshan Zhang អគ្គនាយកនៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនោះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយ ADB ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទន ក្នុងការគាំទ្រការអភិវឌ្ឍជំនាញកម្លាំងពលកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែង ជាពិសេសក្នុងការធ្វើទំនើបកម្មប្រព័ន្ធ TVET។

លោកបានលើកឡើងពីសារៈសំខាន់វិស័យ TVET ដែលជាគ្រឹះសម្រាប់ការបំប្លែងកម្លាំងពលកម្មតាមរយៈការពង្រឹងជំនាញ និងការរៀនជំនាញថ្មី ដែលផ្តល់ឱកាសស្មើគ្នា ស្របតាមតម្រូវការមាគ៌ាឧស្សាហកម្មហូបនីកម្មកម្ពុជា ហើយក្រសួងការងារបាន នឹងកំពុងពង្រីកវិសាលភាព TVET តាមអនុវត្តគន្លងអប់រំថ្មីទៅកាន់តំបន់គោលដៅ ជាពិសេសនៅតាមទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស។
លោកបញ្ជាក់ថា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ ADB កម្ពុជាបានជួយយុវជនជាច្រើនឱ្យទទួលបានជំនាញ លើកកម្ពស់សមត្ថភាពល្អជាងមុន និងទទួលបានការងារល្អប្រសើរ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល បង្កើនចំណូល និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ក្រសួងបានជម្នះឧបសគ្គជាច្រើន ព្រោះថាវិស័យ TVET កាលពីមុនត្រូវបានចាត់ទុកថា ជាវិស័យមិនសូវសំខាន់ តែបច្ចុប្បន្ន ប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែច្រើនកំពុងចាប់អារម្មណ៍លើ TVET ហើយរាជរដ្ឋាភិបាលក៏បានបង្កើនការវិនិយោគគាំទ្រជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោក Zhang បានលើកឡើងថា ADB និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារមានទំនាក់ទំនងរឹងមាំដ៏យូរអង្វែង ដែលសម្រេចបានសមិទ្ធផលជាច្រើន ហើយ ADB តែងតែផ្តល់អាទិភាពខ្ពស់ដល់ការជំរុញលើកកម្ពស់វិស័យ TVET ជានិច្ច និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការ៕


