តើក្រុមហ៊ុនធំៗណាខ្លះរបស់កូរ៉េ ចូលជួបជាមួយមេដឹកនាំកម្ពុជា នៅទីក្រុងសេអ៊ូល?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ទី១៨ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅទីក្រុងសេអ៊ូលរយៈពេល៤ថ្ងៃ សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតដល់ក្រុមហ៊ុនធំៗរបស់កូរ៉េជាច្រើន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ដែលក្រុមហ៊ុនទាំងនោះសុទ្ធសឹងជាក្រុមហ៊ុនធំៗ ឈានមុខដែលកំពុង និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាផងដែរ។

ក្រុមហ៊ុនធំៗ ឈានមុខទាំងនោះ មានដូចជា ក្រុមហ៊ុន SK Securities, ក្រុមហ៊ុន SM Entertainment, ក្រុមហ៊ុន Dunamu, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន Hanshin E&C, ក្រុមហ៊ុន Daejoo KC Group, ក្រុមហ៊ុន Booyoung Group, ក្រុមហ៊ុន Hyosung Group Ltd.។

ក្នុងឱកាសនៃជំនួបខាងលើ ក្រុមហ៊ុនទាំងនោះ ក៏បានបង្ហាញការចាប់អារម្មណ៍លើគម្រោងវិនិយោគ និងក៏ដូចជាបង្ហាញពីគម្រោងវិនិយោគបន្ថែមទៀតនៅកម្ពុជាផងដែរទៅលើវិស័យផ្សេងៗដូចជាហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា ឧស្សាហកម្ម ថាមពល សំណង់ អចលនទ្រព្យ និងភស្តុភារកម្មជាដើម។

នៅក្នុងឱកាសទស្សនកិច្ចផ្លូវការនេះដែរ សម្តេចធិបតីក៏បានអញ្ជើញចូលរួមវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលមានការចូលរួមពីធុរជនប្រមាណ៣០០រូប មកពីក្រុមហ៊ុនប្រមាណ២០០ ដោយបានថ្លែងលើកទឹក ចិត្តឱ្យក្រុមហ៊ុនកូរ៉េវិនិយោគថែមទៀតលើវិស័យសក្តានុពលដូចជា កសិកម្ម ការកែច្នៃម្ហូបអាហារ និងឧស្សាហកម្មកម្មន្តសាលឈានមុខ។

លើសពីនេះ សម្តេចធិបតី ក៏បានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈការវិនិយោគជា យុទ្ធសាស្ត្រនៅកម្ពុជាដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងបរិយាកាសធុរកិច្ចកាន់តែប្រសើរ សាជីវកម្ម កូរ៉េអាចពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងដើរតួនាទីគន្លឹះក្នុងការរៀបចំអនាគតរបស់តំបន់ផងដែរ។

សូមជម្រាបជូនថា សាធារណរដ្ឋកូរ៉េគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជាដែលមានទំហំពាណិជ្ជកម្មទ្វេភាគីសរុបប្រមាណ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ៕