ភ្នំពេញ៖ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ – លោកស្រី ណេង ស៊ីណាត ស្ថាបនិក និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Compass Advertising Co., Ltd (ប្រទេសកម្ពុជា) លោកDatuk Dr. Yong Lam Woei សហស្ថាបនិក និង ជានាយកប្រតិបត្តិនៃក្រុមហ៊ុន We Grow Malaysia (ប្រទេសម៉ាឡេស៊ី) លោក Michael Cheow, នាយកក្រុមហ៊ុន C.Michael (MAC) តំណាងឱ្យលោក Bart Meyer នៃប្រទេសហូឡង់ លោកឧកញ៉ា ឡុង នីរ៉ុន និង ឧកញ៉ា អ៊ុច សោភ័ណ សហស្ថាបនិកនៃ ក្រុមហ៊ុន Cambodia Power Sport Co., Ltd និងសហការី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារដែលទាក់ទងនឹងការផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកស្រី ណេង ស៊ីណាត, ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Compass Advertising បានមានប្រសាសន៍ថា៖ ក្នុងនាមជាជនជាតិខ្មែរ ការចូលរួមផ្សព្វផ្សាយ និងលើកស្ទួយប្រទេសកម្ពុជា គឺតែងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជានិច្ច។ ជាក់ស្ដែង នាពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Compass Advertising បានចូលរួមសហការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិ Gumball3000 x Chipmong នៅកម្ពុជា ដោយមានការគាំទ្រពីក្រសួងទេសចរណ៍ ធ្វើអោយព្រឹត្តិការណ៍ទទួលបានភាពជោគជ័យដ៏មហាអស្ចារ្យ។ នាងខ្ញុំតែងចង់អោយកម្ពុជាកាន់តែភាពលេចធ្លោក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិនពីក្រៅប្រទេសផ្សេងៗ។ ហេតុដូច្នេះហើយ ក្រុមហ៊ុន Compass Advertising Co., Ltd , WeGrow Malaysia និង C. Michael (MAC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីនាំយកនូវបច្ចេកវិទ្យាកម្សាន្តបែបថ្មី វៃឆ្លាត និង បច្ចេកវិទ្យាទំនើប ដូចជា Augmented reality (AR) និង Virtual Reality (VR) ដែលនឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាបានទទួលបទពិសោធន៍ទំនើបថ្មីៗប្លែក ក្នុងការអភិវឌ្ឍគំនិត និងដើរអោយទាន់យុគសម័យឌីជីថលពិភពលោកដ៏ទំនើប។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Compass Advertising Co., Ltd គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម និង សេវាជាច្រើនទៀតមានដូចជា៖ សេវាកម្មគ្រប់គ្រង និងរៀបចំកម្មវិធីផ្សេងៗ ជប់លៀង ប្រគុំតន្រ្តី ព្រឹត្តិការណ័បែបថ្នាក់ជាតិ អន្តរជាតិ និង កម្មវិធីតាំងពិពរណ៌ សេវាកម្មផ្នែករចនាឌីហ្សាញ សេវាកម្មផ្នែកយុទ្ធសាស្ត្រផ្សព្វផ្សាយ សេវាកម្មផ្នែកទីផ្សារឌីជីថល សេវាកម្មផ្នែកផ្សព្វផ្សាយ និងសរសេរសារព័ត៌មាន និង សេវាកម្មផ្នែកផលិត វីដេអូផ្សេងៗ។
We Grow Malaysia ក្រោមការដឹកនាំរបស់ Datuk Dr. Yong Lam Woei ដែលជាក្រុមហ៊ុនផលិតនិងបង្កើត បច្ចេកវិទ្យាទំនើបៗ ដូចជា Augmented reality (AR) និង Virtual reality (VR) នឹងសិក្សាអំពីប្រទេសកម្ពុជា និងនាំយក
បច្ចេកទេស ជំនាញរបស់ខ្លួនមកប្រទេសកម្ពុជាដើម្បីបង្កើតបទពិសោធន៍ថ្មីដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ លោក Michael Cheow, នាយក C.Michael (MAC) តំណាងឱ្យលោក Bart Meyer នៃប្រទេសហូឡង់, នឹងនាំមកនូវយុទ្ធសាស្រ្តថ្មីៗ ដើម្បីធានាថាប្រតិបត្តិការនៃគម្រោងនេះមាននឹងមានភាពរលូន ក៏ដូចជាស្របតាមចក្ខុវិស័យរួមគ្នារបស់ដៃគូសហការ។
ក្រុមហ៊ុន Cambodian Performance Powersport ត្រូវបានបង្កើតឡើងដោយលោកឧកញ៉ា ឡុង នីរ៉ុន និងក្រុមអ្នកវិនិយោគ ATB និងបានសហការជាមួយក្រុមហ៊ុន WEHGB ដែលមានទីតាំងស្ថិតនៅកោះនរាហ៍ ជាតំបន់ដែលមានសក្តានុពលខ្ពស់ ។ ក្រុមហ៊ុនមានគម្រោងប្រែក្លាយតំបន់នេះឲ្យទៅជា MARINA ដំបូងគេបង្អស់នៅប្រទេសកម្ពុជា ។ បេសកកម្មរបស់ក្រុមហ៊ុន នឹងបង្កើតឲ្យមានផែសម្រាប់ចត កប៉ាល់ទេសចរណ៍ ទូក និងម៉ូតូទឹក មានលក្ខណះស្តង់ដារ ហើយមានផ្តល់សេវាកម្ម ទិញ លក់ ជួល កប៉ាល់ទេសចរណ៍ ទូក ម៉ូតូទឹក និងសំភារះកំសាន្តលើទឹកផ្សេងៗទៀត ។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្នុងការផ្តល់សេវាកម្ម ការធ្វើដំណើរកំសាន្តដ៏សម្បូរបែបតាមផ្លូវទឹក មានភាពសុីវីល័យ មានផាសុខភាព និងមានសុវត្ថិភាពខ្ពស់ ។
ឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអំរគុណយ៉ាងជ្រាលជ្រៅ និង កត់សម្គាល់ចំពោះការគាំទ្រគំនិតផ្តួចផ្តើមនេះ។
ឯករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏សង្ឃឹមយ៉ាងមុតមាំផងដែរថាគម្រោងងវិនិយោគរួមគ្នាលើសួនកម្សាន្តទេសចរណ៍បែបអប់រំ និងវិទ្យាសាស្រ្ត (Theme park) ព្រមទាំងគម្រោងទេសចរណ៍ជិះនាវា និងកីឡាលើទឹក CAMBODIAN PERFORMANCE POWERSPORTS នៅតំបន់អភិវឌ្ឍន៍កោះនរា រាជធានីភ្នំពេញ នឹងមានសក្តានុពលដ៏ធំធេង ក្នុងការចូលរួមចំណែកពង្រឹង ពង្រីក និងអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាផងដែរ៕