សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះបានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃនេះសម្តេចបានផ្ញើសារជូនលោកប្រធានាធិបតីបារាំង ម៉ាក្រុង ដោយសម្តេចមានជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំង និងជូនពរក្រុមបាល់ទាត់បារាំងឱ្យទទួលបានជោគជ័យ លើកពានបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ។

សម្តេចបានបង្ហោះសារដូច្នេះថា «ថ្ងៃនេះខ្ញុំបានជូនសារមួយជូនម៉ាក្រុង ប្រធានាធិបតីបារាំងរឿងបាល់ទាត់។ «តាំងពីចុងឆ្នាំ២០២២មកប្រធាធិបតី ម៉ាក្រុងរបស់បារាំង និងខ្ញុំតែងឆ្លងឆ្លើយជាមួយគ្នាជាប្រចាំ ទោះខ្ញុំមិនធ្វើជានាយករដ្ឋមន្ត្រីទៀតក៏ដោយ ដែលសារនោះបញ្ជូនទៅមកតាមWhatsApp» សាររបស់ខ្ញុំថ្ងៃនេះក្រៅពីសួរសុខទុក្ខគាត់និងគ្រួសារ ខ្ញុំបានបង្ហាញនូវជំនឿទុកចិត្តលើក្រុមបាល់ទាត់បារាំងនិងជូនពរក្រុមបាល់ទាត់បារាំងទទួលជោគជ័យរហូតលើកពានក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះ។
សម្តេចតេជោ បានបញ្ជាក់បន្តថា៖«សាររបស់ខ្ញុំបានបញ្ចប់ដោយពាក្យ «Vive Les Bleus !!!» រូបថតខ្ញុំលើកពាននេះជារូបភាពដែលកីឡាករបារាំងក្នុងនាម FIFA នាំមកកម្ពុជានិងប្រទេសនានានៅអាស៊ីឆ្នាំ ២០២២។ ឯអាវលេខ៩ជាអាវរបស់ខ្ញុំ ដែលតែងពាក់លេខ៩ពេលចូលទាត់បាល់កាលពីពេលមុន»៕ អត្ថបទ៖ហ្សាលីន


