ទឹកប្រាក់ ១,១ប៊ីលានដុល្លារអាមេរិក ធនាគារពិភពលោកកំពុងបន្តអនុម័តកញ្ចប់គម្រោងនានានៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ធនាគារ​ពិភពលោក​ ​បានកំពុងបន្តអនុវត្ត​គម្រោង​នានា ​គិតជា​តម្លៃទឹកប្រាក់​ប្រមាណ ​១.១ប៊ីលានដុល្លារ​សម្រាប់ប្រទេស​កម្ពុជា​។​ គម្រោង​អនុវត្តនេះ​ គឺផ្តោត​សំខាន់​ទៅលើ វិស័យ​សាធារណៈ ​ការអប់រំ​ សុខាភិបាល​ ធនធានមនុស្ស ​ពិពិធកម្ម​ កសិកម្ម​ និងពង្រឹង​អភិបាលកិច្ច​ល្អ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្របពេលជាមួយគ្នានៅថ្ងៃទីចន្ទម្សិលមិញ ធនាគារពិភពលោក បានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងថ្មី​ប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មីនៅប្រទេសម៉ុលដូវ៉ា ក្រោយពីបានបំពេញបេសសកម្មអស់រយៈពេល៥ឆ្នាំជាប្រធានគ្រប់គ្រង​​ការិយាល័យនៃធនាគារពិភពលោកនៅក្នុងរាជធានីភ្នំពេញ។

តាមរយៈការចូលកាន់ដំណែងថ្មី លោកស្រី សាលីម ទទួលខុសត្រូវរួមពីលើកិច្ចការប្រចាំថ្ងៃរបស់ធនាគារពិភពលោកជាមួយ​រដ្ឋា​ភិបាល និង​ដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់​គម្រោងនានាគិតជាតម្លៃទឹកប្រាក់សរុបប្រមាណ ១,១ប៊ីលានដុល្លារអាមេរិក (US$1.1 billion) ដែលភ្នាក់​ងារនានារបស់រដ្ឋា​ភិបាល​កំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និង​បច្ចេកទេសពីធនាគារពិភពលោក។ គម្រោងទាំងនោះ​ត្រូវ​បានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅពីររបស់ធនាគារពិភពលោក គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​បង្កើន​វិបុលភាព​រួមសម្រាប់ប្រជាជនកម្ពុជា។

ការបន្តអនុវត្តកញ្ចប់ឥណទាននេះ គឺស្របតាមក្របខណ្ឌភាពជាដៃគូរបស់ធនាគាពិភពលោកសម្រាប់ប្រទេសកម្ពុជាសម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោត​សំខាន់​ទៅលើ​ការបង្កើន​ភាពប្រសិទ្ធភាពរបស់​វិស័យសាធារណៈ និងលើកកម្ពស់​ការ​អភិវឌ្ឍវិស័យឯកជន, លើការវិនិយោគ​លើធនធានមនុស្ស​តាមរយៈការពង្រីកលទ្ធភាពទទួលបាន​សេវា​អប់​រំ និង​សេវា​សុខាភិបាល​មាន​គុណ​ភាពសម្រាប់ក្មេងតូច, លើ​ការ​ធ្វើ​ពិពិធកម្ម​ និង​បង្កើន​ផលិតភាពក្នុងវិស័យកសិកម្ម, លើ​ការ​លើកកម្ពស់​ការ​ប្រើ​ប្រាស់​ធន​ធាន​ធម្ម​ជាតិ​ប្រក​ប​ដោយ​ចីរភាព និង​លើ​ការ​ពង្រឹង​អភិបាលកិច្ច ស្ថាប័ន និង​ការ​ចូលរួម​របស់​ពលរដ្ឋ។

លោកស្រី​ ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងថ្មី​របស់​ធនាគាពិភពលោកប្រចាំនៅកម្ពុជា មាន​ប្រសាសន៍ថា៖ “ខ្ញុំមាន សោមនស្ស​ក្រៃលែងដែលបានមកកាន់តំណែងថ្មីនេះ ហើយ​ខ្ញុំកាន់តែរីករាយណាស់ដែរដែលបានត្រឡប់មកកម្ពុជាវិញ នៅ​១៧ឆ្នាំក្រោយគិតចាប់​ពីពេលដែលខ្ញុំបានបញ្ចប់ការងារនៅកម្ពុជា ក្នុង​នាម​ជា​ប្រធានក្រុម​នៃគម្រោងពាក់​ព័ន្ធ​មូល​និធិសង្គម​សម្រាប់​ពង្រឹងសហគមន៍ និង​ប្រយុទ្ធនឹងភាពក្រីក្រ”។

លោកស្រីបន្ថែមថា៖ “ខ្ញុំត្រៀមខ្លួន​ជា​ស្រេចនឹងធ្វើការជាមួយសហសេវិក​របស់​ខ្ញុំនៅកម្ពុជា ដើម្បី​ជួយ​ប្រទេសកម្ពុជាគ្រប់​គ្រង​ផល​ប៉ះពាល់​នៃការ​រាត​ត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋាន​សម្រាប់​ការ​ស្តារសេដ្ឋកិច្ច​ឱ្យរើបឡើងវិញយ៉ាងស្វាហាប់ និង​កសាងភាពធន់សម្រាប់​ទប់ទល់​ជាមួយហេតុការណ៍អង្រួនកន្ត្រាក់សេដ្ឋកិច្ច​នៅថ្ងៃខាងមុខ។”