រដ្ឋមន្ត្រីការងារ៖របបប្រាក់សោធន នឹងជួយបង្កើនផលិតភាពការងារក្នុងសហគ្រាស និងគ្រឹះស្ថាននានា

សង្គម​និង​សេដ្ឋកិច្ច

របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកយ៉ាងសំខាន់បំផុត ពិសេសនឹងជួយបង្កើនផលិតភាពក្នុងសហគ្រាស និងគ្រឹះស្ថាននានានៅកម្ពុជាកាន់តែប្រសើរឡើង។នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ ទៅដល់ថ្នាក់ដឹកនាំសហជីព កាលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះ ឯកឧត្តម អ៉ិត សំហេង បានលើកឡើងថា របបសន្ដិសុខសង្គមផ្នែកប្រាក់សោធន បានរួមចំណែកក្នុងការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិត ឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន។ឯកឧត្តមថា របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។

ជាមួយគ្នានេះ ឯកឧត្តមបន្តថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច ហ៊ុន សែន ក្នុងន័យកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា។

យ៉ាងណា ឯកឧត្តមថា ចំពោះការចុះឈ្មោះចូលជាសមាជិក ប.ស.ស. ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីនិយោជិត ដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ក៏បានសំណូមពរសហជីពទាំងអស់ផ្សព្វផ្សាយបន្តដល់បងប្អូនកម្មករនិយោជិត ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមពេញលេញផងដែរ។

សូមរម្លឹកដែរថា កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២២រដ្ឋាភិបាលកម្ពុជា បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​របបសន្តិសុខ​សង្គម​ផ្នែក​ប្រាក់សោធន​ ​សម្រាប់​បុគ្គលក្នុងវិស័យឯកជន ​​ដែល​ស្ថិត​នៅ​ក្រោម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ។ របបសន្តិសុខ​សង្គម ​ផ្នែក​ប្រាក់សោធននេះ គឺចាប់អនុវត្តចាប់ពី​ថ្ងៃទី ០១ ខែ​កក្កដា ឆ្នាំ​២០២២​ តទៅ​សម្រាប់​បុគ្គល​ទាំងឡាយ​ណា ដែល​ស្ថិត​នៅ​ក្រោម​បទ​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពីការងារ​៕

អត្ថបទ៖​រង្សី