បច្ចុប្បន្ន កម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុប ១១៩កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាមានកំពង់ផែសមុទ្រនិងកំពង់ផែទន្លេសរុបចំនួន១១៩កន្លែង ។ លោកបានឱ្យដឹងបែបនេះ នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉េង ពោធិ៍នា បានបន្តថា ក្នុងនោះនៅតាមតំបន់ឆ្នេរសមុទ្រមានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន៣០ផ្សេងទៀត និងនៅតាមដងទន្លេមានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន៨៧ផ្សេងទៀតដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាពនិងពង្រីកវិសាលភាពការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលថ្មីៗនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានធំៗ ផ្លូវល្បឿនលឿន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទូទាំងប្រទេសបានលេចចេញជារូបរាង និងកំពុងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលគឺបានកើតចេញពីកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមានដូចនាពេលបច្ចុប្បន្ន។

ជាក់ស្តែង កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលទើបសម្ពោធនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។នេះបើតាមការបញ្ជាក់បន្ថែមពីលោក ប៉េង ប៉េងពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។