ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ជូនដល់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលរួមចំណែកក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានាក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមេសានេះ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលឆ្នើម ១០៧រូបជាជនបរទេស ដែលត្រូវទទួលគ្រឿងឥស្សរិយយស ហើយឯកឧត្តមទទួលបានគ្រឿងឥស្សរិយយសប្រភេទ The Grand Cordon of the Order of the Rising Sun ជាការទទួលស្គាល់នូវការចូលរួមចំណែករបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនង និងមិត្តភាពរវាងជប៉ុននិងកម្ពុជា។
សូមជម្រាបថា ឯកឧត្តម ជា សុផារ៉ា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ជាអតីតអភិបាលរាជធានីភ្នំពេញ (១៩៩៩-២០០៣), រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ (២០០៨-២០១៦) និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០១៦-២០២៣)៕




