នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ផងដែរ។

តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី លោក ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។
ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមានជំនួបរួមគ្នា និងដាច់ដោយឡែកជាច្រើនទៀតជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ឥណ្ឌូណេស៊ី ព្រមទាំអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ានថែមទៀត។

ដោយឡែកកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេវិញ សម្តេចតេជោ នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ប្រធានាធិបតីទីម័រឡេស្តេ និងថ្នាក់ដឹកនាំទីម័រឡេស្តេជាច្រើនរូបទៀតផងដែរ។ ទស្សនកិច្ចនេះដែរ សម្ដេចតេជោ ក៏នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព»ផងដែរ។
សូមជម្រាបថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រឡេស្តេនេះដែរ ប្រធានាធិបតីទីម័រឡេស្ដ ក៏គ្រោងនឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុតជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន៕ អត្ថបទ៖ ហ្សាលីន


