សម្តេចធិបតី ប្រកាសសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ តម្លៃជាង ៩០លានដុល្លារ ជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ តម្លៃជាង ៩០លានដុល្លារអាម៉េរិក ត្រូវបានប្រកាស​បើក​ការដ្ឋានសាងសង់ជាផ្លូវការដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បានឱ្យដឹងថាប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ នឹងត្រូវរៀបចំឡើងជា​ប្រព័ន្ធ​ញែក​ដោយឡែករវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះមាន​ការ​ងារសាងសង់ធំៗចំនួន២ រួមមានគឺ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង២៖ ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់។

គម្រោងនេះនឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសហ​អាជីវ​កម្ម KUMHO-TECHCROSS និងត្រួតពិនិត្យបច្ចេកទេសដោយ​ក្រុម​ហ៊ុនសហអាជីវកម្ម DOHWA-SEOYOUNG ដែលមាន​តម្លៃ​កិច្ច​សន្យាសរុបជាង ៩០លានដុល្លារអាម៉េរិក ក្រោមឥណទាន​សម្ប​ទាន​​​ពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធ​អា​ករ​ផ្សេងៗ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ ដោយ​គ្រោង​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៧។

ក្រោយពីបញ្ចប់ការសាងសង់សមិទ្ធផលទាំងនេះ នឹងចូលរួម​ចំណែក​ក្នុង​ការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់​ប្រជា​ពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូ​វ​ជំនន់ទឹកភ្លៀងក្នុងរដូវវស្សា។ ជាងនេះទៀត គម្រោងនេះក៏នឹងជួយ​ជំរុញការវិនិយោគ សកម្មភាពពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅឋាន នៅក្នុងតំបន់ជុំវិញនេះផងដែរ៕ អត្ថបទ៖ ហ្សាលីន