ក្រុមហ៊ុនមួយមកពីខេត្តហៃណាន ប្រទេសចិន ចង់បង្កើតរោងចក្រច្នៃជ័រកៅស៊ូនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន HAINAN NATURAL RUBBER INDUSTRY GROUP CO.,LTD មកពីខេត្តហៃណាន ប្រទេសចិន បានចាប់អារម្មណ៍ ចង់ស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈកិច្ចប្រជុំពិភាក្សាការងាររវាង លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ ជាមួយគណៈប្រតិភូក្រុមហ៊ុន HAINAN NATURAL RUBBER INDUSTRY GROUP CO.,LTD ដឹកនាំដោយលោក Pakun Cai នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ គណៈប្រតិភូក្រុមហ៊ុនចិនបានបង្ហាញពីបំណងសិក្សាឈ្វេងយល់ និងស្វែងរកឱកាសវិនិយោគបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា។

បន្ទាប់ពីធ្វើបទបង្ហាញអំពីការវិវឌ្ឍនិងសក្តានុពលកៅស៊ូនៅកម្ពុជា លោក ឃុន កក្កដា បានណែនាំឲ្យក្រុមហ៊ុនរៀបចំផែនការលម្អិតនៃគម្រោងវិនិយោគសាងសង់រោងចក្រ ដើម្បីយកមកពិភាក្សា ហើយអគ្គនាយកដ្ឋានកៅស៊ូ នឹងជួយគាំទ្រនិងសម្របសម្រួលក្នុងការប្រមូលទិញវត្ថុធាតុដើមជ័រកៅស៊ូយកមកកែច្នៃ ជាពិសេសពីសហគមន៍កៅស៊ូគ្រួសារ ដែលបានចងក្រងរួចហើយ។

សូមជម្រាបជូនថា បច្ចុប្បន្ននេះកម្ពុជាមានរោងចក្រ និងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩កន្លែង កើនឡើងចំនួន៦កន្លែងធៀបឆ្នាំ២០២៣ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ជាពិសេសប្រភេទដំណាំកៅស៊ូនេះ បានផ្តល់ការងារចំនួន ១៤ម៉ឺនកន្លែង និងជួយគាំទ្រសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋចំនួន ៤២ម៉ឺននាក់។

នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលចំណូលសរុបពីការនាំចេញផលិតផលកៅស៊ូមានចំនួន ៦៧១,៧លានដុល្លារ កើនឡើងជាង១៥០លានដុល្លារ ធៀបឆ្នាំ២០២៣ ខណៈដែលរោងចក្រផលិតសំបកកង់យានយន្តទាំង៣ក្នុងស្រុក បានជួយប្រមូលទិញជ័រកៅស៊ូក្នុងស្រុកចំនួន ៥៨ ០០០តោន គិតជាទឹកប្រាក់ប្រមាណចំនួន ៩៦,៤លានដុល្លារ កើនឡើងជាង ៥០លានដុល្លារ ធៀបឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីចុងខែមករា ឆ្នាំ២០២៥។