កម្ពុជា-វៀតណាម បន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​ លោក ផាម មិញជិញ (PHAM Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម បានបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត។ ការសហការគ្នារវាងនាយករដ្ឋមន្រ្តីទាំងពីរ នៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសនៃការអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ(ខេត្តព្រៃវែងរបស់កម្ពុជា)-តឹនណាម(ខេត្តតៃនិញរបស់វៀតណាម) នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តីវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម ដែលជាសមិទ្ធផលថ្មីឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកក៏បានអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលថ្មីៗរបស់កម្ពុជា ក្នុងការធានាបាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាលំដាប់។

លោកក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ សម្ដេច បានលើកទឹកចិត្តឱ្យបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្តរួមគ្នាកសាងតំបន់ព្រំដែនជាតំបន់សន្តិភាព មិត្តភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍រួម ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ សម្តេចធិបតីក៏បានបន្តថា ការសម្ពោធបើកច្រកទ្វារព្រំដែន ម៉ឺនជ័យ-តឹនណាម នាឱកាសនេះ គឺជាសក្ខីភាព ស្ដែងចេញពី ការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ឆ្លៀតឱកាសនោះ សម្ដេចធិបតី ក៏បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ របស់ប្រទេសវៀតណាម និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះគ្រោះទឹកជំនន់នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ដែលបានបណ្ដាលឱ្យបាត់បង់អាយុជីវិតប្រជាជន និងខូចខាតទ្រព្យសម្បត្តិ។

ក្នុងជំនួបខាងលើ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែជិតស្និទ្ធ ដោយផ្ដោតលើវិស័យសំខាន់ៗរួមមាន៖ នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ការពារជាតិ និងសន្តិសុខ, អប់រំ និងបណ្ដុះបណ្ដាល, សុខាភិបាល, ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន, ក៏ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ។ លើសពីនេះ នាយករដ្ឋមន្រ្តីទាំងពីរក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអនុតំបន់ តំបន់ និងអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ៕