លោក កៅ គឹមហួន៖ កម្ពុជា បានចូលរួមសកម្មនៅក្នុងការងារអាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាននិងដោះស្រាយបញ្ហារបស់អាស៊ានន ដែលជាចំណែកសំខាន់មិនអាចខ្វះបាន។នេះបើយោងតាមប្រសាសន៍របស់ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន ថ្លែងក្នុងជំនួបពិភាក្សាជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី ២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។

លោកបានរំលេចថា ចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាននិងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត។

បន្ថែមពីនេះ លោក កៅ គឹមហួន ក៏បានរំលេចតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឱ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឱ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឱ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញចិត្តរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។

 ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណលេខាធិការដ្ឋានអាស៊ាន។ សម្តេច បន្តថា កម្ពុជាកាលពី២៦ឆ្នាំមុន នៅមុនពេលកម្ពុជាចូលជាសមាជិក អាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់ ។ សម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឱ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។

សូមជម្រាបដែរថា នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានរំលេចបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដោយជំរុញអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀត ហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ៕ អត្ថបទ៖​ហ្សាលីន