វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬកម្មសិទ្ធដីធ្លី ជិត ៦ ពាន់បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋចំនួន៤ភូមិ ដែលមកពីឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។


នាឱកាសនោះ លោក ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងផ្ដល់បណ្ណកម្មសិទ្ធិលើអចលនវត្ថុជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការងារអាទិភាពមួយដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់បំផុត ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិការពារទ្រព្យសម្បត្តិស្របច្បាប់ តាមរយៈការផ្ដល់ជូននូវបណ្ណកម្មសិទ្ធលើអចលនវត្ថុ ដែលជាឯកសារ បញ្ជាក់នូវសុវត្ថិភាពគតិយុត្ត។
សូមជម្រាបថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដីធ្លីខាងលើ គឺត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៥ ៩៤១បណ្ណ នៅភូមិចំនួន៤ រួមមាន៖ ភូមិតាភោគ, ភូមិបល្ល័ង្គ, ភូមិព្រៃស្រង៉ែ, និងភូមិត្រពាំងជ្រៃ ដែលស្ថិតក្នុងឃុំបល្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ៕ អត្ថបទ៖ហ្សាលីន


