ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែឧសភានេះ ត្រូវបានព្រះចៅអធិរាជជប៉ុន បំពាក់គ្រឿងឥស្សរិយយសដ៏ពិសេសជូន នៅព្រះបរមរាជវាំងប្រទេសជប៉ុន។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៩ ខែឧសភានេះ ឯកឧត្តម ជា សុផារ៉ា បានបង្ហោះរូបភាពពាក់គ្រឿងឥស្សរិយយស អមជាមួយលោកជំទាវ កូនស្រី និងចៅៗមួយចំនួន ភ្ជាប់ជាមួយនឹងសារបែបនេះថា៖ “ព្រះបរមរាជវាំងប្រទេសជប៉ុន, តាមរយៈស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ Grand Cordon of the Order of the Rising Sun ដល់ខ្ញុំបាទ ដែលបានបំពាក់ដោយព្រះចៅអធិរាជជប៉ុន ក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងលើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ជប៉ុន”។
គួររំឭកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ទីស្តីការគណៈរដ្ឋមន្រ្តីរដ្ឋាភិបាលជប៉ុន បានប្រកាសសម្រេចផ្ដល់គ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២៥ (The Grand Cordon of the Order of the Rising Sun) ជូនដល់ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានចូលរួមចំណែកក្នុងកិច្ចការសាធារណៈ ឬជាតិ និងសមិទ្ធផលដ៏លេចធ្លោក្នុងវិស័យនានាក្នុងសង្គម។
សូមជម្រាបថា ឯកឧត្តម ជា សុផារ៉ា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី កាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម ជាអតីតអភិបាលរាជធានីភ្នំពេញ ចន្លោះឆ្នាំ១៩៩៩-២០០៣, រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចន្លោះឆ្នាំ២០០៨-២០១៦ និងជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ២អាណត្តិ ចន្លោះឆ្នាំ២០១៦-២០២៣៕



