ឯកអគ្គរដ្ឋទូតចិន ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត

សង្គម​ និង​សេដ្ឋកិច្ច

លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហាញក្តីរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគតផងដែរ។

យោងតាមសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក វ៉ាង វិនពីន កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំរីករាយដែលបានមកលេងចម្ការទុរេនកំពត និងភ្លក្សទុរេនអៅខាក់ ដែលជាទុរេនឆ្ងាញ់ជាងគេលើពិភពលោក។ សូមអរគុណដល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ ជឿជាក់ថាទុរេនខ្មែរឆ្ងាញ់កាន់តែច្រើននឹងត្រូវនាំចេញទៅកាន់ប្រទេសចិននាពេលអនាគត»។

បើតាមលោក យ៉ង សាំងកុមារ រដ្ឋលេខធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តំបន់ដាំទុរេនច្រើននៅកម្ពុជាមានចំនួនជាង ១០០ ឃុំនៃខេត្តចំនួន ១៣។ មន្រ្តីកសិកម្មឃុំទាំង ១០៧ ឃុំកំពុងធ្វើបច្ចុប្បន្នភាពផលិតកម្មទុរេនដោយស្រង់ស្ថិតិគ្រួសារដាំទុរេន ទំហំផ្ទៃដី ចំនួនដើមទុរេន និងពូជកសិករនិយមដាំទៅតាមតំបន់នីមួយៗ និងរៀបចំផែនការកសាងសហគមន៍ទុរេននៅគ្រប់តំបន់ ដើម្បីការពារអត្តសញ្ញាណទុរេនតំបន់នីមួយៗ និងជួយជំរុញទីផ្សារទុរេនមកពីតំបន់នីមួយៗដូចជាទុរេនមេមត់ ទុរេនសំឡូត ទុរេនកំពត ទុរេនវាលវែង ទុរេនស្រែអំបិល ទុរេនស្ទឹងត្រង់ ទុរេនកំពង់សិលា ទុរេនប៊ូស្រា ទុរេនស្ទឹងត្រែង ទុរេនរតនគីរី ទុរេនព្រះវិហារ។ល។

លោកបន្តថា ក្នុងចំណោមស្រុកទាំងអស់ ស្រុកមេមត់ ស្រុកសំឡូត ស្រុកទឹកឈូរ ស្រុកស្ទឹងត្រង់ ស្រុកឈូក ស្រុកកំពង់សិលា និងស្រុកស្រែអំបិល អាចជាស្រុកឈានមុខគេខាងផលិតកម្មទុរេន៕