លោក ហ៊ុន ម៉ាណែត៖ ជាងពីរទសវត្សរ៍ចុងក្រោយ កម្ពុជា​បានក្លាយជាគោលដៅ​សំខាន់​មួយ​នៃ​​ការ​​វិនិយោគផ្ទាល់​ពីបរទេស

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក ​បានលើក​ឡើង​​ថា ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយ​ជាគោលដៅសំខាន់មួយ​នៃការ​វិនិយោគ​ផ្ទាល់​​ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិត​​ក្នុង​​ចំ​ណោម​​​​ប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុង​សកលលោក ជាមួយនឹង​​អត្រា​កំណើន​ជាមធ្យមប្រមាណជាង ៧% ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដូចនេះធ្វើក្នុងឳកាសអញ្ជើញ​តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជា​ផ្លាស់ប្តូរ​ឋានៈពីប្រទេសចំណូលទាប ទៅជា​ប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និង​បានជួយឱ្យប្រជាជនកម្ពុជាបានងើបចេញពីភាពក្រីក្រ ដោយ​អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់​ចុះពីប្រមាណ ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៧,៨ % ប៉ុណ្ណោះក្នុងឆ្នាំ២០២០។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺមិនមែនបានមកដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃកិច្ច​ខិតខំប្រឹង​ប្រែង និងការ​សម្រេច​​​​ចិត្តដ៏ត្រឹមត្រូវ ជាពិសេសការដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ របស់រាជ​រដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹក​នាំ​​ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេច​​តេជោ នាយករដ្ឋមន្ត្រី ដែលបាន​បញ្ចប់​សង្គ្រាម​ស៊ីវិល និងសម្រេចបាននូវសន្តិភាព​ពេញលេញ​នៅទូ​​ទាំង​ផ្ទៃប្រទេស។ នេះបើតាម​ការថ្លែងបញ្ជាក់​បន្ថែម​របស់​​ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត ។

គួរបញ្ជាក់ថា សម្រាប់ពេលបច្ចុប្បន្ន និងបន្តទៅមុខរាជរដ្ឋាភិបាលកម្ពុជា  បាននិងកំពុងបង្កើនកិច្ចខិតខំ​ប្រឹងប្រែង​បង្កើត​​លក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការនាំចេញ និងការទាក់ទាញការវិនិយោគ​​ផ្ទាល់ពីបរទេស ជាពិសេ​សមកកាន់​តំបន់សេដ្ឋកិច្ចពិសេស ។

ក្នុងនោះបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន រួមមាន៖ (i) ការអនុម័តច្បាប់វិនិយោគថ្មីសំដៅ​លើកកម្ពស់​ការ​ប្រកួត​ប្រជែង និងលើកទឹកចិត្តដល់វិនិយោគិនឱ្យបណ្តាក់ទុន និងធ្វើប្រតិបត្តិការ​​អាជីវកម្ម​​នៅ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​នូវការលើកទឹកចិត្តជាច្រើន ជាពិសេសការអនុគ្រោះផ្នែក​សារពើពន្ធ និង (ii) ការពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ តាម​រយៈការបង្កើនសមត្ថភាព និងជំនាញបច្ចេក​ទេសវិជ្ជាជីវៈរបស់កម្លាំងពលកម្ម ក៏ដូចជាសហគ្រាសក្នុងស្រុក ដើម្បី​ឱ្យ​​ក្លាយ​ជា​​សសរទ្រូង និងមូល​ដ្ឋានគ្រឹះដ៏រឹងមាំនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយកិច្ចការទាំងនេះ ពិតជាត្រូវ​​ការជាចាំបាច់​​នូវការចូល​រួមរបស់តំបន់សេដ្ឋកិច្ចពិសេស, ក្រុមហ៊ុនជាតិ និងអន្តរជាតិ រួមទាំង​បង​​ប្អូនកម្មករ​-និយោជិត ដែល​សុទ្ធសឹង​ជាដៃគូដ៏សំខាន់បម្រើឱ្យគោលដៅនេះ ៕