រយៈពេល៩ខែ CDC ប្រមូលចំណូលពីសេវាសាធារណៈបានប្រមាណ ៥,៧ ពាន់លានរៀល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៩ខែ គិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) បានប្រមូលចំណូលថវិកាពីសេវាសាធារណៈបានប្រមាណ ៥,៧ ពាន់លានរៀល តាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ស្មើនឹងប្រមាណ ៣៥% នៃចំណូលពីសេវាសាធារណៈសរុបរបស់ ក.អ.ក.នេះបើយោងតាមប្រភពរបស់CDC ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យ វិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូល សេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ CDC ធ្វើការទូទាត់ប្រាក់ក្នុងនិងឆ្លងធនាគារតាមរយៈ Bakong KHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំង ផ្តល់លទ្ធភាពធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។

ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបោះជំហានទៅមុខបន្ថែមទៀត លើទំនើបកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់ផ្តល់សេវាសាធារណៈ តាមរយៈការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

គួរឱ្យដឹងផងដែរថាប្រព័ន្ធ cdcIPM មិនគ្រាន់តែផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគដាច់ឡែកនោះឡើយ ប្រព័ន្ធនេះ នឹងក្លាយជាយន្តការបច្ចេកវិទ្យាអេកូឡូស៊ីច្រកចេញ-ចូលតែមួយដ៏មានសក្តានុពល ផ្តល់លទ្ធភាពធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ cdcIPM និងក្រសួង-ស្ថាប័នជាសមាជិកCDC។ មានន័យថាក្នុងដំណាក់កាលបន្ទាប់ ការចុះបញ្ជីគម្រោងវិនិយោគតែមួយលើក ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងទទួលបានព័ត៌មាន និងឯកសារ សំណើរបស់វិនិយោគិន ដែលត្រូវបានចេញដោយ CDC ក្នុងការពន្លឿននីតិវិធីផ្តល់សេវាពាក់ព័ន្ធ និងបង្កើនទំនុកចិត្តជូនវិនិយោគិនប្រកបដោយតម្លាភាព ប្រសិទ្ធភាពនិងនិរន្តរភាព។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ) បានបន្តខិតខំកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនវិនិយោគិន តាមរយៈការពង្រឹងសមត្ថភាពមន្រ្តី និងការរៀបចំប្រព័ន្ធ cdcIPM ដែលជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ អាចផ្តល់លទ្ធភាពឱ្យវិនិយោគិនដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

លោកធ្លាប់បានលើកឡើងថា៖«ប្រព័ន្ធថ្មីនេះនឹងចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ទៅជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការនៃការជួបផ្ទាល់រវាងវិនិយោគិននិងអ្នកផ្តល់សេវាបង្កើនភាពងាយស្រួលនិងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីវិនិយោគិនមួយកម្រិតថែមទៀត»។