ព្រះមហាក្សត្រ ចេញព្រះរាជក្រមដាក់ឱ្យប្រើច្បាប់បង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាផ្លូវការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមព្រះរាជក្រម របស់ព្រះមហាក្សត្រ កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសថា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ ត្រូវបានបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំណុះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានសមត្ថកិច្ចដឹកនាំនិងគ្រប់គ្រងវិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏ត្រូវដឹកនាំនិងគ្រប់គ្រងដោយរដ្ឋមន្ត្រីមួយរូប អមដោយរដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការមួយចំនួន តាមការចាំបាច់។

ដោយឡែក សម្រាប់រដ្ឋលេខាធិការនិងអនុរដ្ឋលេខាធិការបំពេញភារកិច្ចតាមការប្រគល់ពីរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយក្នុងនោះ៖ ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួន រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ទទួលខុសត្រូវចំពោះនាយករដ្ឋមន្ត្រីនិងចំពោះរដ្ឋសភា។ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានសិទ្ធិចេញប្រកាស សេចក្តីសម្រេច សារាចរ និងសេចក្តីណែនាំនានា ស្របតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី។

ជាងនេះទៀត ព្រះរាជក្រមខាងលើ ក៏បានបន្ថែមទៀតថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមានកញ្ចប់ថវិការបស់ខ្លួនដែលផ្គត់ផ្គង់ដោយថវិកាជាតិ និងមានមន្ត្រីរាជការក្របខ័ណ្ឌនិងមន្ត្រីជាប់កិច្ចសន្យា ដើម្បីដំណើរការកាំរងាររបស់ខ្លួន ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមគ្នានេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានទូនាទីក្នុងការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំពោះ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យអាកាសចរណ៍ស៊ីវិលដែលនៅជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានការកំណត់ជាថ្មី ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ។

ព្រះរាជក្រមដដែល បានបញ្ជាក់ទៀតថា លិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលមានមុនពេលច្បាប់នេះចូលជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្ត ថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់នេះ។ មន្ត្រីរាជការនិងបុគ្គលិកដែលកំពុងបម្រើការងារនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបន្តអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនស្របតាមលិខិតបទដ្ឋានគតិយុត្តដែលមានមុនពេលច្បាប់នេះចូលជាធរមានរហូតដល់មានការរៀបចំចាត់ចែងនិងតែងតាំងជាថ្មី ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

បន្ថែមពីនេះ ព្រះរាជក្រម ក៏បានសង្កត់ធ្ងន់ទៀតថា ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

សូមបញ្ជាក់ដែរថា ការបចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត «រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» របស់ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី គឺធ្វើឡើងបន្ទាប់ពីច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនេះ ត្រូវបានរដ្ឋសភាបានអនុម័តកាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបាន ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នាសម័យ ប្រជុំពេញអង្គលើកទី១១ នីតិកាលទី៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ២២៧/០០៩/២០២៣ កបធ.ច ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕ អត្ថបទ៖ រង្សី