នាយករដ្ឋមន្រ្តីស្នើឱ្យពិនិត្យលទ្ធភាពលើបងប្អូនខ្មែរឥស្លាម ឱ្យចូលកាន់ដំណែងត្រឹមអភិបាលរងខេត្ត ស្រុក ឬខណ្ឌ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យពិនិត្យលទ្ធភាពលើបងប្អូនខ្មែរ-ឥស្លាម ដើម្បីឱ្យចូលបម្រើការងារក្នុងមុខងារសាធារណៈ យ៉ាងហោចណាស់ ត្រឹមជាអភិបាលរងខេត្ត អភិបាលស្រុក ឬខណ្ឌ ប្រសិនបើនៅតាមបណ្តាខេត្តនោះ មានពលរដ្ឋ ខ្មែរ-ឥស្លាមច្រើន។ សម្តេចថ្លែងបែបនេះធ្វើឡើងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៣ កុម្ភៈនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កន្លងទៅ រាជរដ្ឋាភិបាលធ្លាប់បានខិតខំរៀបចំ ឱ្យមានមន្ត្រីដែលជាជនជាតិភាគតិច នៅតំបន់ឥសាន និងខេត្តកោះកុង ដែលប្រព្រឹត្តទៅទទួលបានជោគជ័យ ដោយឡែកមកដល់ពេលនេះ សម្តេចតេជោ ស្នើដល់រដ្ឋបាលខេត្តនានា ដែលមានបងប្អូនឥស្លាមរស់នៅច្រើន ឱ្យយកចិត្តទុកដាក់រៀបចំយ៉ាងហោចណាស់ ត្រូវឱ្យបងប្អូនឥស្លាមដែលមានសមត្ថភាព អាចឡើងធ្វើជាអភិបាលរងខេត្ត ស្រុក ឬខណ្ឌ ហើយក្នុងនោះបើមានបុគ្គលមានសមត្ថភាពអាចធ្វើអភិបាលខេត្តតែម្តង។

សម្តេចបន្តថា បើទោះបីជាមិនមានកូតា ប៉ុន្តែជាការសម្រួលដល់ខេត្តដែលមានបងប្អូនពលរដ្ឋខ្មែរឥស្លាមច្រើន។

ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវឱ្យនិស្សិតឥស្លាម ត្រូវខិតខំកសាងសមត្ថភាព ដើម្បីមានឱកាសទទួលបានតំណែងជាអភិបាលរង ឬអភិបាលខេត្ត ស្រុក ឬខណ្ឌ ដោយក្នុងនោះពុំមែនការផ្តល់អទិភាពហើយបែជាពុំមានសមត្ថភាពនោះទេ ជាមួយគ្នានេះសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបញ្ជាក់ថា ការធ្វើបែបនេះដើម្បីងាយស្រួលក្នុងការទំនាក់ទំនងបែបសហគមន៍ដែលជាផ្នែកមួយនៃសុខដុមរមនានៃប្រជាជាតិរបស់យើង៕