ក្រុមហ៊ុនរ៉ែមាសតម្លៃប្រមាណ ១៣លានដុល្លារ រដ្ឋសម្រេចឱ្យធ្វើការវិនិយោគ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគអាជីវកម្មរ៉ែមាសថ្មីមួយបន្ថែមទៀត ស្ថិតនៅខេត្តកំពង់ធំ ដែលបង្កើតការងារបានប្រមាណ ៣០០កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ ក្រុមហ៊ុនដែលសម្រេចចុះបញ្ជី មានឈ្មោះថា ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ជាគម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានអាជីវកម្មចម្រាញ់រ៉ែមាសខ្នាតធំមួយប៉ុណ្ណោះ ជាក្រុមហ៊ុនរបស់អូស្រ្តាលីឈ្មោះថា Renaissance Minerals (Cambodia) Limited ប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១២០លានដុល្លារ ស្ថិតនៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ដែលបានចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួន កាលពីឆ្នាំ២០២១ ។

គិត​មក​ទល់​បច្ចុប្បន្ន​ក្រសួង​រ៉ែ និង​ថាមពល​បាន​ផ្តល់​អាជ្ញា​បណ្ណ​រុករក​រ៉ែ​លោហៈ​ចំនួន​២៦ អាជ្ញា​បណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន​១៦​មក​ពី​ប្រទេស​ចិន អូស្ត្រាលី កា​ណា​ដា និង​កម្ពុជា ហើយ​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម​ត្រឹមត្រូវ​នៅ​ក្រសួងពាណិជ្ជកម្ម​។ ក្នុង​នោះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​វាយតម្លៃ​សក្តានុពល​ធនធាន​រ៉ែ និង​មួយ​ចំនួន​កំពុង​រៀបចំ​របាយការណ៍​សិក្សា​លទ្ធភាព​នៃ​ជម្រក​ធនធាន​រ៉ែ​។

យ៉ាងណាមិញ សម្រាប់​នៅ​ឆ្នាំ​២០២២​នេះ កម្ពុជា​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ចំនួន​៤​បន្ថែម​ទៀត បើក​ការដ្ឋាន​ចម្រាញ់​រ៉ែ​មាស និង​លោហៈ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។ នេះ​បើ​តាម​​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​៕