សមយុទ្ធនាគមាស ២០២៥ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានបិទបញ្ចប់ជាផ្លូវការកាលព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់សមយុទ្ធរួមគ្នារយៈពេល១៥ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា។


ពិធីបិទសមយុទ្ធនាគមាស ២០២៥ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្រ្តីជាន់ខ្ពស់ក្នុងជួរកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។
សមយុទ្ធ «នាគមាស-២០២៥» រវាងកងទ័ពកម្ពុជា និងចិនលើកទី៧នេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ៖ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» នាមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយសមយុទ្ធនាគមាសឆ្នាំ២០២៥នេះ ធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងចែករំលែកចំណេះដឹង បទពិសោធន៍ រួមគ្នាពង្រឹងលើការងារសន្តិសុខ ប្រឆាំងអំពើភេរវកម្ម និងការងារសង្គ្រោះមនុស្សធម៌។

សូមជម្រាបដែរថា សមយុទ្ធនាគមាស ឆ្នាំ២០២៥នេះ ត្រូវបានចែកចេញជា២ផ្នែក ដោយទី១៖ សមយុទ្ធលើគោក និងអាកាស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង និងទី២៖ សមយុទ្ធសមុទ្រនិងអាកាស នៅលើផ្ទៃសមុទ្រនិងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ដោយមានកម្លាំងទ័ពកម្ពុជា-ចិន សរុបជាង ២ពាន់នាក់ចូលរួម ព្រមទាំងមានការប្រើប្រាស់សព្វាវុធ គ្រឿងបំពាក់កាន់តែទំនើបៗ ក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដែលជាការឆ្លើយតបទៅនឹងការធ្វើទំនើបកម្មរបស់កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវឌ្ឍន៍នាពេលបច្ចុប្បន្នផងដែរ។

ជាការកត់សម្គាល់ សមយុទ្ធនាគមាស បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា និងជោជ័យ ពិសេសបានក្លាយ ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងកម្ពុជា និងចិន។ សមយុទ្ធនេះ ពិតជាផ្ដល់នូវសារសំខាន់ក្នុងការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមទៀតដល់កងទ័ពទាំងពីរប្រទេស ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ញាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗផងដែរ៕អត្ថបទ៖ ហ្សាលីន




