កូនប្រុសលោក​ទៀ បាញ់ ពាក់ឈុត​កីឡា ចូល​រួមប្រកួត​បាល់ទាត់​មិត្តភាព​ ប្រទេសតាមដងទន្លេមេគង្គ

សង្គម​និង​សេដ្ឋកិច្ច

កូនប្រុស​លោកទៀ បាញ់ លោក ទៀ សីហា បានដឹកនាំ​រៀបចំ​ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ ដោយ​មាន​ក្រុម​កីឡាករ​តំណាងប្រទេស​ជាប់​ដងទន្លេមេគង្គចំនួន ៤ ចូលរួម​មាន កម្ពុជា ​ថៃ ឡាវ និងវៀតណាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ព្រឹត្តិការណ៍​ប្រកួត​កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់ រៀបចំឡើង​នៅពហុកីឡដ្ឋានខេត្តសៀមរាប​ ចាប់​ពីថ្ងៃទី០៤ ដល់ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២។

ថ្ងៃបើកឆាកដំបូង កីឡាករវ័យចំណាស់រដ្ឋបាលខេត្តសៀមរាប ដែលមានលោក​ទៀ សីហា អភិបាលខេត្ត និង​ជា​កូនប្រុស​លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំ​បាន​ប្រកួតយកឈ្នះលើក្រុមកីឡាករវ័យចំណាស់ថៃ ៣ ទល់នឹងសូន្យ។ ចំពោះក្រុមទី២ កីឡាករវ័យចំណាស់ប្រទេសឡាវ ដែល​ប្រកួតជាមួយក្រុមកីឡាករវ័យចំណាស់វៀតណាម លទ្ធផល​បញ្ចប់ការប្រកួតក្រុមកីឡាករវៀតណាម បានយកឈ្នះលើក្រុមកីឡាករទ្បាវ ៣ ទល់នឹង​១។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបាន​ឲ្យ​ដឹង​ថា ការរៀបចំព្រឹត្តិការណ៍​ប្រកួតកីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់សម្រាប់ប្រទេសតាមដងទន្លេមេគង្គ (ប្រទេសថៃ កម្ពុជា ឡាវ និងប្រទេសវៀតណាម) ធ្វើ​ឡើង​ដើម្បីពង្រីកនូវសក្តានុពលទេសចរណ៍សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិ និងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAME – ASEAN PARA GAME 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕