គិតត្រឹមខែឧសភា ឆ្នាំ២០២៥ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាសសរុបជាង២០០ បានចូលមកធ្វើសកម្មភាពអាជីវកម្ម ប៉ុន្តែក៏មានរោងចក្រ សហគ្រាស បានផ្អាកដំណើរការផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

តាមរបាយការណ៍នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះមានកម្មករ និយោជិតសរុបជាង ៣ម៉ឺននាក់ បានកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាសនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាមួយប្រាក់ឈ្នួលមធ្យម ៣១១ដុល្លារ។
សូមជម្រាបជូនថា អ្នកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានដូចជា ចិន តៃវ៉ាន់ បារាំង សេណេហ្គាល់ ស្វីស អាមេរិក អៀឡង់ សិង្ហបុរី ជប៉ុន កូរ៉េ វៀតណាម និងថៃជាដើម។ រោងចក្រ សហគ្រាស ដែលកំពុងដំណើរអាជីវកម្មនៅតំបន់នេះ មានដូចជារោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង កាបូប រោងចក្រអេឡិចត្រូនិក រោងចក្រគ្រឿងផ្គុំរថយន្ត រោងចក្រផលិតភេសជ្ជៈ អាហារ ផលិតសម្ភារ វេចខ្ចប់ និងរោងចក្រកែច្នៃពេជ្រជាដើម៕
