សមាគមឧកញ៉ាកម្ពុជាដឹកនាំដោយអ្នកឧកញ៉ា សៀ ឫទ្ធី បានរៀបចំកម្មវិធីពិសារ អាហារពេលព្រឹកជាមួយធុរជនម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួ ដើម្បីពិភាក្សាគ្នាដើម្បីស្វែងរកឱកាសភ្ជាប់និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រជាជាតិទាំងពីរ។

កិច្ចប្រជុំអាហារ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា បានប្រមូលផ្ដុំដោយមេដឹកនាំលេចធ្លោមកពីសហគមន៍ធុរកិច្ចនៃម៉ាឡេស៊ីនិងកម្ពុជា។
គណៈប្រតិភូដែលបានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចម៉ាឡេស៊ី មានតំណាងមកពីក្រុមហ៊ុនជាច្រើនរួមមាន MMAG, Revenue Group, Velocity Capital Partners និងក្រុមហ៊ុនផ្សេងៗទៀត ដោយផ្តោតលើការពិភាក្សាអំពីឱកាសវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនោះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងទៅកាន់សង្កត់ធ្ងន់លើកំណើនដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងភាពអំណោយផលសម្រាប់ការវិនិយោគពីបរទេស។

លោកបានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសរបស់យើងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ជាមួយ បរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រ»។
អ្នកឧកញ៉ាបន្តថា “បរិយាកាសធុរកិច្ចនៅកម្ពុជា គឺបើកចំហ និងតម្លាភាព ជាមួយនឹងគោលនយោបាយដែលអាចព្យាករណ៍បាន ដែលគាំទ្រអ្នកវិនិយោគបរទេស”។
អ្នកឧកញ៉ា សៀ ឫទ្ធី បានចង្អុលបង្ហាញពីភាពរឹងមាំនៃកម្លាំងពលកម្ម ដោយកត់សម្គាល់ថាកម្លាំងពលកម្ម “កាន់តែមានលក្ខណសម្បត្តិគ្រប់គ្រាន់និងអាចសម្របខ្លួនបាន ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាជម្រើសប្រកួតប្រជែងក្នុងការផលិត និងសេវាកម្ម។ ការបង្កើតក្រុមហ៊ុនថ្មីនៅកម្ពុជា មានភាពរហ័សរហួនជាងប្រទេសជិតខាងជាច្រើន ដោយសារដំណើរការមានភាពរលូន ហើយរដ្ឋាភិបាលប្តេជ្ញាគាំទ្រអាជីវកម្មបរទេសគ្រប់ជំហាន”។ ជាមួយគ្នានេះស្ថិរភាពរូបិយបណ្ណ និងមូលដ្ឋានគ្រឹះបទប្បញ្ញត្តិដ៏រឹងមាំត្រូវបានបង្កើតឡើងជាអត្ថប្រយោជន៍សំខាន់មួយទៀតសម្រាប់អ្នកវិនិយោគថ្មី៖ “ការវិនិយោគមានភាពងាយស្រួលក្នុងប្រទេសកម្ពុជា ហើយស្ថិរភាពនៃរូបិយបណ្ណផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពន្ធជាច្រើន ដែលធានាបាននូវក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំសម្រាប់ការវិនិយោគគ្រប់ប្រភេទ”។

អ្នកឧកញ៉ា សៀ ឫទ្ធី ក៏បានលើកឡើងអំពី សក្ដានុពលរបស់កម្ពុជាជាមជ្ឈមណ្ឌលភស្តុភារ និងការតភ្ជាប់ជាមួយអ្នកវិនិយោគម៉ាឡេស៊ីយ៉ាងដូច្នេះថា “យើងកំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកតំបន់ពាណិជ្ជកម្មសេរីរបស់យើង។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងការតភ្ជាប់និងភាពទាក់ទាញរបស់យើងសម្រាប់អាជីវកម្មអន្តរជាតិ” ។
ជាសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ មេដឹកនាំធុរកិច្ចកម្ពុជាបានរំលឹកឡើងវិញចំពោះអ្នកចូលរួមពីប្រទេសម៉ាឡេស៊ីអំពីអត្ថប្រយោជន៍ និងពេលវេលានៃការវិនិយោគក្នុងប្រទេស ដោយកត់សម្គាល់ថា “នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគម៉ាឡេស៊ី និងផ្តល់ការគាំទ្រចាំបាច់ទាំងអស់សម្រាប់ភាពជោគជ័យ និងការរីកចម្រើនយូរអង្វែង”៕




